កំពង់ចាម ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើ បានឃាត់ខ្លួនបុរសម្នាក់ ពីបទរំលោភសេពសន្ថវៈលើកុមារីរងគ្រោះ តែជនសង្ស័យបានបដិសេធ ដោយឆ្លើយថា ខ្លួនគ្រាន់តែចាប់គ្រវែងនាងទៅលើពូកប៉ុណ្ណោះ។
ប៉ូលិសបានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៦ ប៉ុស្តិ៍នគរបាលបុសខ្នុរ បានទទួលបណ្តឹងពីឈ្មោះ( ស ធ) ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ នៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ប្តឹងទៅលើឈ្មោះ នួន ស៊ូហេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិ-ឃុំ ជាមួយគ្នា(ត្រូវជាក្មួយប្រសា) ថា បានចាប់រំលោភសេពសន្ថវៈទៅលើក្មួយស្រីរបស់ខ្លួនឈ្មោះ (គឈ) អាយុ១១ឆ្នាំ ជនជាតិខ្មែរ នៅភូមិ-ឃុំ ជាមួយគ្នា កាលពីម៉ោង១៥ថ្ងៃដដែល នៅក្នុងបន្ទប់ក្រោមផ្ទះជនសង្ស័យ។
ដើមបណ្តឹងបានបញ្ជាក់ថា ជនរងគ្រោះត្រូវជាប្អូនថ្លៃជីដូនមួយជនសង្ស័យ បច្ចុប្បន្នស្នាក់នៅផ្ទះជាមួយជនសង្ស័យ ព្រោះម្តាយឪពុករបស់កុមារីរងគ្រោះចំណាកស្រុកទៅធ្វើចម្ការនៅខេត្តរតនគិរី។
ប៉ូលិសបានបន្តថា ក្រោយពីបានទទួលបណ្តឹងភ្លាម សមត្ថកិច្ចបានសាកសួរបំភ្លឺកុមារីរងគ្រោះ នាងបានឲ្យដឹងថា នៅពេលដែលខ្លួនកំពុងលេងទូរស័ព្ទនៅក្រោមផ្ទះ ជនសង្ស័យបានហៅឲ្យនាងយកទូរស័ព្ទចូលក្នុងបន្ទប់។ ពេលចូលដល់ក្នុងបន្ទប់ ស្រាប់តែជនសង្ស័យធ្វើសកម្មភាពខ្ទប់មាត់ ចាប់ស្រាតខោរបស់នាង(ជនរងគ្រោះ) និងបញ្ចេញប្រដាប់ភេទខ្លួនដាក់ ញុលៗលើប្រដាប់ភេទរបស់នាង។ ភ្លាមនោះ នាងជាជនរងគ្រោះបានរើបម្រាស់ ហើយស្រែកយំ ឃើញដូច្នោះ ជនសង្ស័យ បានដើរចេញទៅក្រៅបាត់។ បន្ទាប់មកជនរងគ្រោះ បានស្លៀកខោរួច ដើរទៅប្រាប់ម្តាយមីងរបស់ខ្លួនដែលនៅក្នុងភូមិជាមួយគ្នា និងបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលបុសខ្នុរ។
ប៉ូលិសបានបន្តថា ដោយមានការបំភ្លឺពីកុមាររងគ្រោះ សមត្ថកិច្ចដឹកនាំដោយលោកវរសេនីយ៍ត្រី ខ្លូត ហ៊ាន់ អធិការរងទទួលផ្នែកយុត្តិធម៌ ធ្វើការនាំខ្លួនមុខសញ្ញាខាងលើមកអធិការដ្ឋាននគរបាលស្រុកចំការលើធ្វើការសាកសួរ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានហៅជនរងគ្រោះចូលក្នុងបន្ទប់មែន ដោយឲ្យយកទូរស័ព្ទ អាយភែតឲ្យ ពេលកុមារីរងគ្រោះយកចូលដល់ក្នុងបន្ទប់មិនព្រមឲ្យអាយភែតមកខ្លួន ពេលនោះខ្លួនក៏បានចាប់ទាញបោះកុមារីរងគ្រោះទៅលើគ្រែដែលមានពូក បណ្តាលឲ្យកែងដៃខ្លួនត្រូវមុខកុមារីរងគ្រោះ ហើយនាងក៏ស្រែកយំ និងបាននិយាយថា ចាំមើលអញប្រាប់ម៉ែអញ ភ្លាមនោះខ្លួនក៏ដើរចេញទៅក្រៅផ្ទះទៅមើលគេបុកប៊ីយែរ។
ដោយមានការឯកភាពពី លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ នៅអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕