ព្រះរាជបណ្ដាំចុងក្រោយ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ចំពោះកូនខ្មែរគ្រប់រូប

0
7
Loading...

ប្រិយមិត្ដទទួលជ្រាបហើយ នាខណៈកាលពីរសៀលថ្ងៃមិញនេះ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដំណឹងដ៏សែនក្រៀមក្រំបំផុតមួយ ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក Royal du Cambodge បានប្រាប់ឱ្យដឹងថា៖”សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញណក្ខ័ន្ធ សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ”។

បន្ថែមពីលើនេះ គេហទំព័រ ហ្វេសប៊ុក Royal du Cambodge បានប្រាប់ឱ្យដឹងទៀតថា៖”ស្នាព្រះហស្តដ៏សំខាន់ និងមានតម្លៃបំផុត នៃសម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី គឺការនាំយកនូវរបាំព្រះរាជទ្រព្យ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ គ្រាដែល ព្រះអង្គ គង់ជារដ្ឋមន្រ្តីក្រសួងវប្បធម៏ និងវិចិត្រសិល្បៈ។ សូមថ្វាយមហាព្រះរាជកុសល”។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រ កម្ពុជា បានសម្រេចយកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ជាថ្ងៃកាន់ទុក្ខទូទាំងប្រទេស នៃការសុគតរបស់សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដោយតម្រូវឲ្យក្រសួងស្ថាប័ននានា ត្រូវហូតទង់ជាតិពាក់កណ្តាលដង”។ សម្ដេចតេជោ បានមានប្រសាសន៏បន្ថែមទៀតថា៖”សម្តេចនឹងដឹកនាំប្រតិភូមិមន្ត្រីរដ្ឋាភិបាលចូលរួមកាន់ទុក្ខនៅវត្តបុទុមវត្តី នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ផងដែរ”។
ដោយឡែក ក្រោយសម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ “ទេពនាដវដ្ដីឯក” ទ្រង់ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខ ទ្រង់បានបន្សល់ទុកនូវ ព្រះរាជបណ្ដាំចុងក្រោយ ជូនទៅដល់ប្រជាជាតិទូទាំងប្រទេស។ បើចង់ជ្រាបច្បាស់ សូមទស្សនាព្រះរាជបណ្ដាំ ដែលមានខ្លឹមក្នុងវីដេអូខាងក្រោមនេះ

ព្រះរាជបណ្ដាំចុងក្រោយ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី «ទេពនាដវដ្ដីឯក» ។សូមថ្វាយមហាព្រះរាជកុសល 🙏🏻💐

Posted by Royal du Cambodge on Monday, November 18, 2019

ដកស្រង់ពី៖ KH OSJA

 

បញ្ចេញយោបល់
Loading...