១០ ចំណុដែល ឪពុកម្ដាយ គួរធ្វើ ដើម្បីឱ្យកូនក្លាយជាក្មេងល្អឆ្លាតនិងម្ចាស់ការលើខ្លួនឯង

0
4
Loading...

ភាព​ចាស់​ទុំ​​សម្គាល់​ទៅ​លើ​មជ្ឈដ្ឋាន​​ផ្សេង​ៗ​គ្នា​រួម​មាន អារម្មណ៍ រូបរាង​កាយ សីលធម៌ បែប​បទ​ក្នុង​​សង្គម​និង​ប្រាជ្ញា។ ធាតុ​ផ្សំ​ទាំង​នេះ ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ដើម្បី​ជួយ​ឱ្យ​កូន​មាន​ភាព​ឯករាជ្យ មាន​ទំនួល​ខុស​ត្រូវ មាន​ភាព​​ចាស់​​ទុំ ក្លាយ​ជា​មនុស្ស​ល្អ និង​ចេះ​ជួយ​អ្នក​ដទៃ។ ឪពុក​ម្ដាយ​ជា​មនុស្ស​ដំបូង ដែល​អាច​តម្រែតម្រង់ កូន​តាំង​ពី​តូច​ក្រូចឆ្មា ដោយ​សកម្មភាព​ប្រចាំ​ថ្ងៃ ដើម្បី​​​អាច​ឈាន​ទៅ​ដល់​គោលដៅ ទទួល​បាន​ផ្លែផ្កា នា​ពេល​អនាគត។

១. បណ្ដោយ​ឱ្យ​កូន​ចេះ​ធ្វើ​អ្វី​ដោយ​ខ្លួន​ឯង

រូបតំណាង
ជា​រឿង​ប្រសើរ​ប្រសិន​បើ​អ្នក​មិន​​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​កូន​។ គួរ​បណ្តោយ​ឱ្យ​កូន​ចេះ​ធ្វើ​កិច្ចការ​មួយ​ចំនួន​ដោយ​ខ្លួន​​ឯង​ ដូច​ជា​ស្លៀកពាក់ ចង​​ខ្សែ​ស្បែក​ជើង និង​រៀប​ចំ​កាតាប​ទៅ​សាលារៀន​ជា​ដើម​។ ទោះ​បី​ជា​អ្នក​​គិត​ថា ការ​ជួយ​គឺ​​រហ័ស​ឬ​ងាយ​ស្រួល​ជាង​ក៏​ដោយ ត្រូវ​តែ​អត់ធ្មត់ និង​រង់​ចាំ​មើល​ ថា​កូន​អាច​ធ្វើ​បាន​ដល់​​កម្រិត​ណា ដោយ​មិន​ចាំ​បាច់​​តែ​ពឹង​ពាក់​លើ​អ្នក​។

២. ផ្តល់​ឱកាស​ឱ្យ​កូន​​ជ្រើសរើស​អ្វី​មួយ​​ដោយ​ខ្លួន​ឯង

រូបតំណាង
គួរ​ផ្តល់​ជម្រើស​ដល់​កូន និង​ជៀស​វាង​ការ​ទិញ​សម្លៀកបំពាក់ របស់របរ​លេង ចំណង់​ចំណូល​ចិត្ត ឬ​សម្រេច​ចិត្ត​លើ​អ្វី​ដែល​កូន​មិន​ចង់​បាន​ទាល់​តែ​សោះ​។ អ្នក​អាច​ផ្តល់​ជា​យោបល់ និង​​និយាយ​​​ពន្យល់​តាម​សម្រួល នៅ​ពេល​កូន​ចង់​ធ្វើ​អ្វី​មួយ ដាច់​ខាត​កុំ​ជំទាស់​​បិទ​សិទ្ធិ​កូន​គ្រប់​ពេលវេលា។

៣. បណ្តោយ​កូន​ដើរ​ទៅ​ណា​មក​ណា​ដោយ​ខ្លួន​ឯង

រូបតំណាង
មិន​ចាំ​បាច់​ទាល់​តែ​ដើរ​តាម​កូន​គ្រប់​ទី​កន្លែង ទើប​ហៅ​ថា​សុវត្ថិភាព​នោះ​ទេ។ ដរាប​ណា​កូន​កាន់​តែ​ធំ​ ពួក​គេ​អាច​​​ដើរ​ចូល​សាលារៀន ឡើង​ជិះ​លើ​ឡាន​សាលា​និង​ដើរ​តាម​ដង​ផ្លូវ​​បាន​ដោយ​ខ្លួន​ឯង​ហើយ ព្រោះ​គេ​​ដឹង​ថា​គួរ​ធ្វើ​បែប​ណា​ដើម្បី​ការពារ​សុវត្ថិភាព។​ ហេតុ​នេះ អ្នក​មិន​គួរ​​បារម្ភ​ច្រើន​​ពេក​ទេ​។

៤. បង្រៀន​ឱ្យ​កូន​ចេះ​គ្រប់គ្រង​ខ្លួន​ឯង

រូបតំណាង
ពិត​ប្រាកដ​ណាស់ ក្មេង​​តែង​តែ​មាន​អារម្មណ៍​​​ប្រែប្រួល​មិន​ទៀង គេ​អាច​​នឹង​សប្បាយ​ត្រេកអរ​​​និង​យំ​​ភ្លាម​​ៗ​​វិញ​ក៏​មាន​។ ក្មេង​​ខ្លះ​នៅ​​ពេល​ខឹង ចូល​ចិត្ត​​​ស្រែក​ឭ​ៗ ទ្រគោះ​បោះបោក​ មើល​ទៅ​មិន​សមរម្យ ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​បង្ហាត់​​បង្ហាញ ពន្យល់​ណែនាំ​ពី​របៀប​គ្រប់​គ្រង​អារម្មណ៍។ បើ​ចេះ​តែ​បណ្តោយ​ឱ្យ​​ស្រែក​គំហក​​​​ផ្តេស​ផ្តាស​តាម​ទំនង​ចិត្ត កូន​នឹង​គ្មាន​ថ្ងៃ​អាច​ផ្លាស់​ប្តូរ​អត្តចរិត​ទៅ​ជា​ល្អ​ប្រសើរ​បាន​ឡើយ។

៥. បង្រៀន​កូន​​ឱ្យ​ចេះ​រៀប​ចំ​មាន​​សណ្ដាប់ធ្នាប់

រូបតំណាង
កូន​គួរ​តែ​​បាន​រៀន​ពី​របៀប​​រៀប​ចំ​ទុក​ដាក់​ឱ្យ​មាន​​សណ្តាប់ធ្នាប់ និង​​ធ្វើ​​កិច្ចការ​​​ណា​ចាំបាច់​ដោយ​ខ្លួន​ឯង។ ចេះ​ដុះ​ធ្មេញ​មុន​ពេល​ចូល​គេង ដាក់​របស់របរ​លេង​នៅ​កន្លែង​ដើម និង​ធ្វើ​កិច្ចការ​​ផ្ទះ​ដែល​គ្រូ​ដាក់​ឱ្យ សុទ្ធ​តែ​ជា​ទង្វើ​ប្រចាំ​ថ្ងៃ ដែល​កូន​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ និង​ការ​ជួយ​ក្រើន​រំឭក​ពី​ម្តាយឪពុក។

៦. បង្រៀន​ឱ្យ​កូន​ចេះ​ឆ្លើយ​តប ពេល​មាន​អ្នក​សួរ​នាំ

រូបតំណាង
ជា​រឿង​ចាំ​បាច់​ណាស់ ដែល​ត្រូវ​បង្រៀន​កូន​​ឱ្យ​ចេះ​ឆ្លើយ​តប​​​ទៅ​នឹង​សំណួរ​ផ្សេងៗ​ដោយ​ខ្លួន​ឯង​។ វា​ពិត​ជា​សំខាន់ សម្រាប់​ការ​អភិវឌ្ឍ​ប្រាជ្ញា​និង​ជំនាញ​ទំនាក់ទំនង។ កូន​ៗ​មិន​គួរ​ភ័យ​ខ្លាច ពេល​មាន​​អ្នក​សួរ​នាំ​​អ្វី​មួយ​ពី​ពួក​គេ ពុំ​ដូច្នោះ​ទេ​កូន​នឹង​អៀនប្រៀន​ច្រើន ខ្វះ​ភាព​ក្លាហាន និង​មិន​​ចង់​នៅ​ក្បែរ​នរណា​​ទាំង​អស់​។

៧. ពន្យល់​កូន​ពី​ហេតុផល​ពេល​មាន​បញ្ហា​កើត​ឡើង

រូបតំណាង
បើ​អ្នក​ចេះ​តែ​ស្តី​បន្តោស​ដោយ​មិន​បាន​ពន្យល់​ពី​ហេតុផល​ច្បាស់​លាស់ កូន​គ្មាន​ថ្ងៃ​ដឹង​ពី​កំហុស​ឡើយ។ ត្រូវ​ទប់​អារម្មណ៍​ត្រជាក់​ចិត្ត​បន្តិច​សិន ពេល​កូន​ធ្វើ​ខុស និង​​ប្រើ​វិធី​ណែនាំ​​ឱ្យ​កូន​យល់​ ដើម្បី​ការពារ​បញ្ហា​ដដែល​ៗ​​​កើត​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត។

៨. បណ្តោយ​ឱ្យ​កូន​មាន​​កំហុស​​ខ្លះ

រូបតំណាង
កុំ​ព្យាយាម​​ឃាំង​ឃា​ខ្លាំង​ពេក គួរ​ឲ្យ​សេរីភាព​ខ្លះ​​ដល់​កូន។ ធ្វើ​បែប​នេះ កូន​អាច​មាន​ឱកាស​រៀន​ពី​កំហុស និង​​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​មួយ​សម្រាប់​ជីវិត ថែម​ទាំង​អាច​ប្រើ​ជា​ប្រយោជន៍​ក្នុង​​ថ្ងៃ​អនាគត​បាន​យ៉ាង​ល្អ​។ ត្រូវ​ចាំ​ថា កំហុស ការ​ដើរ​ដួល និង​​ទុក្ខ​ក្រៀម​ក្រំ គឺ​ជា​ផ្នែក​មួយ​ដែល​គ្មាន​នរណា​ម្នាក់​អាច​គេច​ផុត។

៩. បង្រៀន​កូន​ឲ្យ​ចេះ​គិត​គូរ​ពិចារណា​ដោយ​ខ្លួន​ឯង

រូបតំណាង
វា​ជា​រឿង​ចាំ​បាច់ ក្នុង​ការ​ជួយ​អភិវឌ្ឍ​បណ្ដុះ​គំនិត ដើម្បី​ជួយ​ឱ្យ​កូន​មាន​សមត្ថភាព អាច​គិត​ពិចារណា​វិភាគ​មើល​ដោយ​ខ្លួន​ឯង នៅ​គ្រប់​ស្ថានការណ៍​ទាំង​អស់។ ជាពិសេស​ពួក​គេ អាច​ពង្រឹង​​គោល​ជំហរ​​ផ្ទាល់​ខ្លួន ជៀសវាង​​ការ​រង​​ឥទ្ធិពល​​ពី​គំនិត​​អ្នក​ដទៃ ឬ​ការ​អូស​ទាញ​​ទៅ​កាន់​តំបន់​គ្រោះ​ថ្នាក់​ផ្សេងៗ​។

១០. មិន​ត្រូវ​គិត​ថា​​កូន​នៅ​ក្មេង ពុំ​អាច​ធ្វើ​អ្វី​បាន

រូបតំណាង
ពេល​ដែល​កូន​ចូល​ដល់​អាយុ ៣ឆ្នាំ អ្នក​អាច​ហ្វឹក​ហាត់​​ពួក​គេ​ ឱ្យ​ចេះ​ធ្វើ​កិច្ចការ​ខ្លះ​បណ្ដើរ​ៗ​ហើយ​ ដូច​ជា​ជួយ​ការងារ​ក្នុង​ផ្ទះ រៀប​ចំ​​​​ប្រដាប់ប្រដា​លេង​ ឱ្យ​​មាន​របៀប….ទើប​កូន​មិន​ខ្ជិល​ច្រអូស ថែម​ទាំង​​​អាច​បង្កើន​ភាព​វៃឆ្លាត ចេះ​ជួយ​​ខ្លួន​ឯង​និង​អ្នក​ដទៃ និង​ចេះ​គោរព​​​លើ​ការងារ​ទាំង​​ឡាយ​។

តើ​​មាន​វិធី​អ្វី​ខ្លះ​ដែល​អ្នក​តែង​តែ​យក​មក​ប្រដែប្រដៅ​កូន​? តើ​អ្នក​ចង់​ឱ្យ​កូន​មាន​ភាព​ចាស់​ទុំ​ក្នុង​ខ្លួន​ដែរ​ទេ​? កុំ​ភ្លេច​ចូលរួម​ចែក​រំលែក​គំនិត​ល្អៗ​ទាំង​អស់​គ្នា​៕​

បញ្ចេញយោបល់
Loading...