មូលហេតុដែលមានអាការៈចុកទ្រុងគឺបណ្ដលមកពីបញ្ហា​…

0
8
Loading...
Loading...

ក្នុង​ករណី​មាន​អាការៈឈឺទ្រូង លោក​អ្នក​មិនគួរមិនអើពើធ្វើមិនដឹងមិនឮឡើយ ទោះក្នុងកាលៈទេសៈណាមួយក៏ដោយ។ មនុស្សគ្រប់គ្នាគិត​ថាជំងឺបេះដូងបណ្តាលឲ្យមានការឈឺទ្រូង យ៉ាងនេះក្តី ការឈឺទ្រូងក៏អាចបណ្តាលមកពីជំងឺធ្ងន់ធ្ងរ និងអាច​គំរាមកំហែងដល់អាយុជីវិតផង​ដែរ។ បញ្ហាទាក់ទងជាមួយសួត បំពង់អាហារ សាច់ដុំ ឆ្អឹងជំនី សរសៃប្រសាទ។ល។ អាចឈានដល់ការឈឺទ្រូងបាន។ អត្ថបទនេះនឹងផ្តល់នូវព័ត៌មានលម្អិតថែម​ទៀតអំពីការឈឺទ្រូង ហេតុនេះអ្នកអាចធ្វើរោគវិនិច្ឆ័យសមស្រប និងការព្យាបាលបានយ៉ាងរហ័ស។

១- អំពីជំងឺឈឺទ្រូង

ការឈឺទ្រូងអាចនឹងមានទីតាំងនៅផ្នែកណាមួយចាប់ពីកញ្ចឹងករហូតដល់ពោះផ្នែកខាងលើអាស្រ័យលើ​មូលហេតុនៃការឈឺ។ ភាពធ្ងន់ធ្ងរនៃការឈឺចាប់ទ្រូងគឺផ្សេងៗគ្នា។ អ្នកខ្លះមានឈឺដូចចាក់ ណែន ក្រហាយ ចុក ឬដូចគេចាក់។ ពេលខ្លះដូចមានអារម្មណ៍តឹងណែន ដូចច្របាច់ ឬកិន​កម្ទេច។

គួរទៅជួបពិគ្រោះនឹងវេជ្ជបណ្ឌិតប្រសិនបើអ្នកមានការឈឺទ្រូងដែលមិនអាចពន្យល់បាន ជាពិសេស​ប្រសិនបើវាជាការឈឺចាប់ដែលស្រាប់តែមានភ្លាមៗដែលមិនព្រមបាត់ទៅវិញដោយអន្តរាគមន៍វេជ្ជសាស្ត្រ ឬការផ្លាស់ប្តូរ​បែបផែនជីវិតរស់នៅ។

ក្នុងករណីដែលការឈឺទ្រូងមកព្រមជាមួយរោគសញ្ញាណាមួយនៃរោគសញ្ញាទាំងនេះសូមហៅទូរស័ព្ទទៅកាន់ ផ្នែកសង្គ្រោះបន្ទាន់ភ្លាម។

· សុខៗមានអារម្មណ៍ដូចមានសម្ពាធ ច្របាច់ ឬតឹងណែន ឬដូចកិនកម្ទេចភ្លាមៗនៅក្នុងផ្នែកនៅខាងក្រោមឆ្អឹងទ្រ​នុងទ្រូង។
· ថ្គាម ដៃឆ្វេង ឬខ្នងរងប៉ះពាល់ដោយការឈឺចាប់ទ្រូង។
· ឈឺចាប់ទ្រូងដូចគេចាក់ភ្លាមៗដែលមានមកជាមួយហត់ដង្ហក់ជាពិសេសក្រោយពីមិនធ្វើសកម្មភាពយូរ។
· ចង្អោរ វិលមុខ ចង្វាក់បេះដូងញាប់ ដកដង្ហើមញាប់ វង្វេងវង្វាន់ ព៌ណសម្បុររាងដូចផេះ ឬបែក​ញើសច្រើនហួស​ហេតុ
· សម្ពាធឈាមចុះទាបខ្លាំងឮចង្វាក់បេះដូងចុះទាបយ៉ាងខ្លាំង។

២- មូលហេតុជំងឺឈឺទ្រូង

បញ្ហាបេះដូង

បញ្ហាដែលទាក់ទងនឹងបេះដូងទាំងនេះគឺក្នុងចំណោមមូលហេតុដែលឃើញមានញឹកញាប់បំផុតដែលនាំទៅដល់​ការឈឺទ្រូង។ ជំងឺសរសៃឈាមបេះដូង(CAD) អាចបណ្តាលឲ្យមានការចុកទ្រូង។ ឈឺទ្រូងនេះកើត​មានឡើងពេលបេះដូងទទួលឈាមមិនគ្រប់គ្រាន់ ហើយអាចចាក់ទៅដល់ដៃ ស្មា ថ្គាម​ និងខ្នង ។ អ្នកដែលកើតជំងឺសរសៃបេះដូង គឺមានកត្តាប្រឈមនឹងជំងឺគាំងបេះដូងនៅពេលណាមួយក្នុងជីវិត​​ ។ បន្ថែមលើសពីនេះ រលួយសាច់ដុំបេះដូង (ជំងឺគាំងបេះដូង) ក៏បណ្តាលឲ្យមានការឈឺទ្រូងផង​ដែរតែការឈឺទ្រូងបង្កឡើងដោយជំងឺគាំងបេះដូងគឺស្រដៀងគ្នាទៅនឹងជំងឺចុកទ្រូង ប៉ុន្តែវាធ្ងន់ធ្ងរជាងការ​ឈឺចាប់បែបដូចមានអ្វីកិនកម្ទេច ហើយ​តាមធម្មតាឈឺត្រង់ចំណុចកណ្តាល ឬផ្នែកខាងឆ្វេងទ្រូង ហើយមិនធូរស្រាលដោយការសម្រាក។ ជំងឺបេះដូងផ្សេងទៀតជាច្រើនដែលរោគសញ្ញាឈឺទ្រូង​ រួមមាន​​ ជំងឺរលាកស្រទាប់សាច់ដុំរបស់បេះដូង ជំងឺរលាកស្រទាប់ស្រោមបេះដូងខាងក្រៅ ជំងឺសាច់បេះដូងមួយភាគឡើងក្រាស់ ជំងឺប្រឹសមីត្រាល់ និងជំងឺរហែកស្រទាប់ខាងក្នុងនៃសរសៃអាកទែរចិញ្ចឹមបេះដូង។

បញ្ហាសួត

អាការៈការឈឺទ្រូងក៏អាច​បង្កឡើងដោយបញ្ហាសួតដែរ​។ អ្នកដែលមានរលាកស្រោមសួត គឺការឈឺចាប់ដូចគេចាក់ពេលដកដង្ហើម ក្អក ឬកណ្តាស់ដែលមានការឈឺចាប់មុតស្រួច។ បញ្ហាសួតផ្សេងទៀតគឺជំងឺ រលាកសួត ឬជំងឺបូសសួត។ ការបង្ក​រោគ​សួតទាំងនេះអាចមានប្រភេទខុសៗគ្នានៃការឈឺចាប់ទ្រូងដូចជាការឈឺចាប់ជ្រៅ ឬបណ្តាលមកពីជំ​ងឺរលាកស្រោមសួត។ បញ្ហាសួតដទៃទៀតដែលនាំឲ្យឈឺទ្រូងរួមមានជំងឺឈាមកកក្នុងសួត ជំងឺខ្យល់​ធ្លាយចូលក្នុងស្រោមសួត ជំងឺឡើងសម្ពាធឈាមសរសៃអាកទែរក្នុងសួត និងជំងឺហឺត។

បញ្ហាឆ្អឹង សាច់ដុំ ឬសរសៃប្រសាទ

ការឈឺចាប់នៅក្នុងសាច់ដុំ ឬឆ្អឹងក្នុងទ្រូងគឺបណ្តាលមកពីសកម្មភាព ឬលំហាត់ប្រាណច្រើនហួសហេតុ ឬ​ខ្លាំង​ក្លា។ ការដួល ឬគ្រោះថ្នាក់ដែលធ្វើឲ្យរបួសដល់តំបន់ទ្រូងក៏អាចធ្វើឲ្យមានការឈឺចាប់ផងដែរ។ ជំងឺរលាក​ទីប្រសព្វឆ្អឹងជំនី និងឆ្អឹងខ្ចី បញ្ហាឆ្អឹងជំនី ការរោយសាច់ដុំ និងជំងឺរើមគឺជាបញ្ហាមួយចំនួនដែលនាំទៅ​ដល់ការឈឺ​ទ្រូង​។

បញ្ហាក្រពះពោះវៀន

ជំងឺទឹកអាស៊ីដក្រពះច្រាលមកបំពង់អាហារអាចបង្កឲ្យមានអារម្មណ៍ក្រហាយនៅត្រង់ទ្រូងឬបំពង់ក ដែល​គេស្គាល់ថាក្រហាយដើមទ្រូង។ បញ្ហាក្រពះពោះវៀនផ្សេងទៀតដែលធ្វើឲ្យអ្នកជំងឺរងការឈឺចាប់ពី​ការ​ឈឺទ្រូងគឺវិបត្តិខុសប្រក្រតីនៃការកន្ត្រាក់បំពង់អាហារ ជំងឺបំពង់អាហាររំញោចខ្លាំងខុសធម្មតា ជំងឺរហែក ឬរយះ​បំពង់​អាហារ ដំបៅក្រពះ ជំងឺក្រពះលៀនចូលក្នុងប្រហោងឆ្លងកាត់សន្ទះទ្រូងរបស់បំពង់អាហារ និងបញ្ហាថង់​ទឹក​ប្រម៉ាត់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ៕

អត្ថបទដើម៖​ ខ្មែរឡូត

បញ្ចេញយោបល់
Loading...