កម្ពុជា ជាប់លេខ១ ដែលបញ្ជួនពលរដ្ឋខ្លួនធ្វើការនៅកូរ៉េ បានច្រើនជាងគេ

0
6
Loading...

ភ្នំពេញ៖ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ បណ្តុះបណ្តាល និង​វិជ្ជាជីវៈ លោក ហេង សួរ នៅ​ថ្ងៃទី ០៩កញ្ញា​នេះ បាន​អះអាងថា ក្នុងចំណោម​ប្រទេស​ចំនួន ១៦ ដែល​បញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េខាងត្បូង មានតែ​កម្ពុ​ជាមួយ​ប៉ុណ្ណោះ​ដែល​ទទួលបាន​ពិន្ទុ​ខ្ពស់​ជាងគេ​តាមរយៈ​ការផ្តល់សេវា​ស្វែងរក​ទីផ្សារការងារ​ជូន​ពលរដ្ឋ​ខ្លួន​នៅ​ប្រទេស​កូរ៉េខាងត្បូង។

លោក ហេង សួរ ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​ប្រជុំ​ប្រចាំឆ្នាំ​លើក​ទី១៥ នៃ​សន្និសីទ EPS នៅ​ប្រទេស​កូរ៉េ ជាមួយ​ប្រទេស​ទាំង ១៥ផ្សេងទៀត​នាថ្មីៗនេះ​បាន​លើកឡើងថា លក្ខណៈ​ល្អប្រសើរ​ជាងគេ​របស់​កម្ពុជា គឺ​ការផ្តល់សេវា​ទាំងនេះ​ដូចជា៖ រយៈពេល​ធ្លាក់​កិច្ចសន្យា​រហូតដល់​ថ្ងៃ​ចេញដំណើរ​ដល់​កូរ៉េ តិចជាងគេ គឺ​ត្រឹម ៤១ ថ្ងៃ ក្នុងខណៈពេល​រយៈពេល​មធ្យម​នៃ​ប្រទេស​ផ្សេងទៀត​មាន​ចំនួន ៤៨ថ្ងៃ។ អត្រា​ពលករ​ផ្លាស់ប្តូរ​ថៅកែ ក្នុង​រយៈពេល៣ខែ​ដំបូង ក្រោយពេល​ចូលធ្វើការ​ទាប​ជាងគេ។

លោក​បន្តថា អត្រា​ពលករ​រស់នៅ​ខុសច្បាប់​មាន​ចំនួន​តិចជាង​មធ្យមភាគ។ មាន​សេវា​ចំណាយ គិត​ចាប់ពី​ពេល​ប្រឡង​ជាប់​រហូតដល់​ពេលចេញ​ដំណើរ (១០៥៧$) តិចជាង​ចំណាយ​មធ្យមភាគ​នៃ​ប្រទេស​ផ្សេងទៀត (១០៩៧$) ជាពិសេស មិនមាន​ការតម្រូវ​ឲ្យ​ពលករ ឬ​ក្រុមគ្រួសារ​ពលករ​ដាក់​ប្រាក់​តម្កល់​ចំនួន​ពី ៥០០០$ (ប្រាំ​ពាន់​ដុល្លារ ដូច​នៅ​វៀតណាម និង​ទី​ម័​រ​ខាងកើត) ទៅ ៣៦០០០$ (បី​ម៉ឺន​ប្រាំមួយ​ពាន់​ដុល្លារ ដូច​ប្រទេស​បង់​ក្លា​ដេ​ស) និង​មាន​ចំណាត់ការ​ផ្នែក​ច្បាប់ ដោយ​ហាមឃាត់​គ្រួសារ​ពលករ​មិន​ឲ្យ​ចេញទៅ​ក្រៅប្រទេស ប្រសិនជា​ពលករ​រត់​គេច រស់នៅ​ខុសច្បាប់​នៅ​កូរ៉េ។ នេះ​ជា​ចំណុច​ដែល HRD Korea ចង់​ឲ្យ​បណ្តា​ប្រទេស​ផ្សេងទៀត​ផ្តោតលើ​ការអប់រំ​សតិអារម្មណ៍​ដល់​ពលក​រ​ប្រសើរ​ជាង​ការដាក់​ប្រាក់​តម្កល់ ឬ​ការគំរាមកំហែង​ផ្នែក​ច្បាប់​ទៅលើ​សមាជិក​ក្រុមគ្រួសារ​ដែលមាន​ពលក​រ​រត់គេច។

លោក​បន្តថា ក្នុងនោះ​ក៏មាន​ប្រព័ន្ធ​ប្រឡង​តេស្ត​សមត្ថភាព​ភាសា​កូរ៉េ​តាម​កុំព្យូទ័រ​ធំជាងគេ មាន​សេវា​អម​ពលករ​រហូតដល់​និយោជក​មក​ទទួល​ល្អ ដែលជា​ហេតុ​ធ្វើ​ឲ្យ​និយោជក​មិនដែល​អន់ចិត្ត​ចំពោះ​ការខកខាន​ជើងយន្តហោះ ឬ​វង្វេង​យន្តហោះ​ដូច​ពលករ​ប្រទេស​មួយចំនួន។

អ្នកនាំពាក្យ​រូបនេះ​ថា មាន​សេវា​ថែទាំ​ពលករ​ក្រោយពេល​មកដល់​កូរ៉េ​ល្អ​ជាងគេ គឺ​ទី១. មានផ្ទះ​ស្នាក់នៅ​បណ្តោះអាសន្ន​ចំនួន ៧កន្លែង​នៅ​ទូទាំងប្រទេស​កូរ៉េ, ទី២. មាន​បង្កើត​កម្មវិធី​ប្រពៃណី​ច្រើន​ដើម្បី​កាត់បន្ថយ​ការ​នឹក​ស្រុកកំណើត និង​ផ្សព្វផ្សាយ​ប្រពៃណី​ខ្មែរ​ដល់​និយោជក​កូរ៉េ និង​ប្រជាជន​កូរ៉េ​ទាំងមូល​ឲ្យ​កាន់តែ​យល់​វប្បធម៌​ខ្មែរ​កាត់បន្ថយ​ជម្លោះ ឬ​ការយល់ច្រឡំ, ទី៣. មាន​វិធីសាស្ត្រ​ក្នុងការ​បង្រៀន​ពលករ​ឲ្យ​ចេះ​សន្សំ​ថវិកា និង​ផ្តល់​វគ្គ​សហគ្រិនភាព​ដ​ល់ព​លករ, ទី៤. មានការ​ស្នើសុំ​ទៅ HRD Korea ចុះសួរសុខទុក្ខ​ពលករ​ញឹក​ជាង​ប្រទេស​ដទៃ (ជា​មធ្យម ១ ខែ ២ ដង)។

ក្នុងន័យនេះ មាន​អត្រា​ជោគជ័យ​ក្នុង​ជីវិត​ខ្ពស់ ក្នុងចំណោម​ពលករ​ដែល​ចប់​កិច្ចសន្យាការងារ ហើយ​វិលត្រឡប់​ទៅដល់​កម្ពុជា​វិញ។ ជា​រៀងរាល់ឆ្នាំ ប្រទេស​កូរ៉េខាងត្បូង បាន​អញ្ជើញ​តំណាង​ប្រទេស​ទាំង១៦ ដែល​បាន​បញ្ជូន​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ប្រជុំ​វាយតម្លៃ និង​ផ្តល់​ពិន្ទុ ហើយ​ប្រទេស​ដែលមាន​ពិន្ទុ​ល្អ កូរ៉េ​នឹង​រក្សា​ចំនូ​ន​កូតា ផ្ទុយទៅវិញ​បើ​ប្រទេស​មាន​ពិន្ទុ​តិច គេ​នឹង​បន្ថយ​កូតា ក្នុងការ​ទទួលយក​ព​លករ​ពី​ប្រទេស​នោះ​ជាដើម។

លោក ហេង សួរ បញ្ជាក់ថា៖ «ជោគជ័យ និង​កិត្តិយស​នា​ថ្ងៃនេះ គឺ​ផ្តើមចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ផង ពី​បងប្អូន​ពលករ​ខ្លួនឯង​ផង! សូម​បងប្អូន​ពលករ​នៅ​កូរ៉េ​ទាំងអស់​ទទួលយក​នូវ​ការសរសើរ​ពី HRD Korea និង​និយោជក​កូរ៉េ​ទាំងអស់គ្នា។ មានលទ្ធភាព​ផ្តល់ឱកាស​ការងារ​ដល់​បងប្អូន​ពលករ​ខ្មែរ​មក​ធ្វើការ​នៅ​កូរ៉េ ១ នាក់ មានន័យថា ដូចជា​បាន​ជួយ​ធ្វើ​ឲ្យ​គ្រួសារ​ចំនួន ១គ្រួសារ​មានឱកាស​ផ្លាស់ប្តូរ​ជីវភាព​រស់នៅ​រីកចំរើន​បាន​លឿន»។

របាយការណ៍​ដែល​ផ្តល់​ដោយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ខែសីហា ឆ្នាំ២០១៩នេះ កម្ពុ​ជាមាន​ពលករ​ប្រមាណ ៥៤,៣១៩នាក់ កំពុងធ្វើការ​ងារ​នៅ​ប្រទេស​កូរ៉េខាងត្បូង ក្នុងនោះ​មាន​ស្ត្រី ១១,៧២០នាក់។ ពលករ​ទាំងនោះ បញ្ជូន​ថវិកា​មកកាន់​គ្រួសារ នៅ​ស្រុកកំណើត ក្នុងប្រទេស​កម្ពុជា ក្នុងឆ្នាំៗប្រមាណ ៥០០ ដុល្លារ​សហរដ្ឋអាមេរិក៕

បញ្ចេញយោបល់
Loading...