ជំងឺប៉េស្តជ្រូកអាហ្វ្រិក កំពុងផ្ទុះនិង រើករាលដាល គួរអោយបារម្មណ៍ នៅស្រុកអូររាំងឪ

0
12
Loading...

(ត្បូងឃ្មុំ)៖​ នៅក្នុងស្រុកអូររាំងឪ បានផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក បណ្តាលឱ្យសត្វជ្រូកដែលប្រជាកសិករចិញ្ចឹមចំនួន៣៣៧ក្បាលបានងាប់ រហូតមកទល់នឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៩ ក្នុងចំណោមជ្រូកជាង ៩០០០ក្បាលដែលចិញ្ចឹមក្នុងស្រុក។

ស្ថានភាពនៃការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ត្រូវបានប្រជាពលរដ្ឋបង្ហាញក្តីព្រួយបារម្ភកាន់តែខ្លាំង ខណៈរបាយការណ៍នៃជ្រូកងាប់បានរីករាលដាលចេញពីឃុំមៀន ដែលមានជ្រូកងាប់ចំនួន១៨៣ក្បាល ដល់ឃុំអំពិលតាពក ដែលមានជ្រូកងាប់ចំនួន៥៨ក្បាល ឃុំព្រះធាតុមានជ្រូកងាប់ចំនួន៦២ក្បាល។

ជាថ្មីម្តងទៀត ប្រជាពលរដ្ឋនៅក្នុងឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលកំពុងទទួលរងនូវការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក បានអំពាវនាវយ៉ាងទទូចដល់មន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកដ៏សាហាវនេះ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ សុខភាពសាធារណៈផង និងអាចធ្វើឱ្យប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋ ដោយសារតែអាចធ្វើឱ្យមុខរបរចិញ្ចឹមជ្រូក របស់ពលរដ្ឋប្រឈមមុខ នឹងការខាតបង់ដើមទុនកាន់តែខ្លាំង។

នៅក្នុងនោះប្រជាពលរដ្ឋចំនួន៤៦គ្រួសារ បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធនានាជួយដោះស្រាយបញ្ហាប្រឈមនានា ដែលពលរដ្ឋកំពុងមានឱ្យបានឆាប់រហ័ស និងបានលើកឡើងថា ស្ថានភាពផ្ទុះជំងឺនេះមិនមែនមិនធ្ងន់ធ្ងរឡើយ ព្រោះបានធ្វើឱ្យជ្រូកពួកគាត់ងាប់ជាច្រើនក្បាល និងបានខាតបង់ប្រាក់យ៉ាងច្រើនរួចស្រេចទៅហើយ។

នៅក្នុងអំឡុងពេ លនៃការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ក្រុមការងារចុះជួយស្រុកអូររាំងឪ ដឹកនាំដោយលោក អ៊ាង សុផល្លែត និងក្រុមការងារដោយសហការជាមួយនឹងមន្ត្រីជំនាញកសិកម្ម បានចុះអប់រំប្រជាពលរដ្ឋ និងណែនាំពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ក្នុងគោលបំណងលុបបំបាត់មេរោគក្នុងតំបន់ ដើម្បីដំណើរការអាជីវកម្មឡើងវិញ។

លោក អ៊ាង សុផល្លែត បានជម្រាបជូនបងប្អូនប្រជាកសិករថា ការយកចិត្តទុកដាក់ឆ្លើយតបយ៉ាងសកម្មទាំងខាងជំនាញ ក៏ដូចជាក្រុមការងារគឺជាទឹកចិត្តក្នុងនាម ជាបងប្អូនក្នុងក្រុមគ្រួសារតែមួយ ដែលជានិច្ចកាលស្ថិតនៅរួមសុខ រួមទុក្ខជានិច្ចជាមួយជនរួមជាតិយើង។ ការគិតគូរពីសុខភាពសាធារណ: គឺជាកត្តាសំខាន់ ដែលជាបញ្ហាចំបងនិងអាទិភាព។

លោកក៏បានជម្រាបជូនបងប្អូនកសិករចិញ្ចឹមជ្រូកថា ការធ្វើចរាចរណ៍ជ្រូកចេញពីតំបន់នេះ គឺអាចបង្កការឆ្លងរាលដាល ដែលនាំដល់ការខាតបង់ជាបន្តបន្ទាប់ នៅតាមតំបន់ផ្សេងៗជាបន្តទៀត។ ជាមួយនេះដែរ លោកបានជំរុញឱ្យជំនាញបន្តចុះតាមដាន និងណែនាំពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺនេះ ក្នុងគោលបំណងលុបបំបាត់មេរោគក្នុងតំបន់ ដើម្បីដំណើរការអាជីវកម្មឡើងវិញ។

ឆ្លើយតបចំពោះកង្វល់របស់អាជីវករចិញ្ចឹមជ្រូក លោកបានសំណូមពរឱ្យមានកិច្ចសហការល្អប្រសើរ ក្នុងការចាត់វិធានបសុពេទ្យ ក្នុងការរំងាប់មេរោគទូទាំងឃុំ និងចូលរួមអនុវត្តនូវវិធានការនានា តាមការណែនាំរបស់ជំនាញ ព្រមទាំងរាយការណ៍ជាបន្ទាន់ពីករណីសត្វឈឺ និងស្លាប់ ដើម្បីធ្វើយ៉ាងណាឱ្យឲ្យតំបន់នេះ ឆាប់បានប្រកាសរំសាយពីជម្ងឺនេះ។

លោកបានគូសបញ្ជាក់ថា សូមឲ្យបងប្អូនអាជីវករមេត្តាយកចិត្តទុកដាក់ចូលរួមដោះស្រាយបញ្ហាដើម្បីប្រយោជន៍រួម និងសូមគិតសមូហភាពជាកត្តាចំបង៕

បញ្ចេញយោបល់
Loading...