ត្រៀមខ្លួនហើយនៅ ក្មុងកាប្រឡងបាក់ឌុប ​នៅពេលខាងមុខនេះ​ តើយើងគួរធ្វើខ្លួនបែបណា?

0
4
Loading...

នៅ​មិន​យូរ​ប៉ុន្មាន​ការ​ប្រឡង​បាក់ឌុប​នឹង​មក​ដល់ ហើយ​បេក្ខជន បេក្ខនារី​មួយ​ចំនួន​កំពុង​ភ័យ​អំពី​ការ​ប្រឡង​នេះ? អ្នក​រៀន​ពូកែ មិន​មាន​ការ​ភ័យ​ឡើយ​ បើ​ទោះ​ភ័យ​ក៏​តិចតួច ប៉ុន្ដែ​នៅ​ឡើយ​ អ្នក​រៀន​មិន​សូវ​ពូកែ ឬ​មិន​ទាន់​បាន​ត្រៀម​ចិត្ត​រួចរាល់ ប្រាកដ​ណាស់​នឹង​មាន​អារម្មណ៍​ភ័យ​មិន​ខាន។ តើ​ត្រូវ​ធ្វើ​ម៉េច​ឲ្យ​បាត់​ភ័យ?

ឆ្លើយ​តប​នឹង​សំណួរ​នេះ កញ្ញា ថន រតនា ជា​សិស្ស​ពូកែ​ ដែល​ដណ្ដើម​បាន​និទ្ទេស​ A លំដាប់​ពិន្ទុ ១០០ពេញ កាល​ពី​ឆ្នាំ ២០១៨​ បាន​និយាយ​​ថា «​ការ​ភ័យ គឹ់​មិន​មាន​ប្រយោជន៍​អ្វី​ដល់​យើង​ទេ វា​កាន់តែ​ធ្វើ​ឲ្យ​យើង​កាន់តែ​ធ្លាក់​ចុះ ភ្លេចភ្លាំង និង​បរាជ័យ​ប៉ុណ្ណោះ​។ ដូច្នេះ​កុំ​ភ័យ យើង​ត្រូវតែ​ដៅ​ទិស​ខ្លួន​ឯង ព្រោះ​យើង​នៅ​សល់​ពេល​វេលា​ទៀត បើ​យើង​យក​ពេល​ទាំងនោះ​ទៅ​រៀប​ចំ​កាល​វិភាគ​រៀន​វិញ វា​មាន​ប្រយោជន៍​ជាង។»។
កញ្ញា ថន រតនា នៅ​ក្នុង​កម្មវិធី​ “បាក់ឌុប​អនាគត​ខ្ញុំ” ជាកម្មវិធី​ពិសេស​របស់​ Sabay និយាយ​ជុំវិញ​ការប្រឡង​បាក់ឌុប​ កាល​ពី​ថ្ងៃ​ទី ០៤ កក្កដា ឆ្នាំ២០១៩

ការ​លើកឡើង​របស់​កញ្ញា ខាង​លើ​នេះ នៅ​ក្នុង​កម្មវិធី​ “បាក់ឌុប​អនាគត​ខ្ញុំ” ដែល​ជា​កម្មវិធី​របស់ Sabay និយាយ​ជុំវិញ​ការ​ប្រឡង​បាក់ឌុប​ ដែល​ផ្សាយ​ជា​រៀងរាល់​ថ្ងៃ​ព្រហស្បតិ៍ វេលាម៉ោង ១១ព្រឹក នៅ​លើ​ផេក​ផ្លូវ​ការ Sabay News Social។ តាមរយៈ​កម្មវិធី​ខាង​លើ​នេះ កញ្ញា​​ ថន រតនា បាន​ចែក​រំលែក​បទពិសោធន៍​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ក្នុង​ការ​ត្រៀម​កុំឲ្យ​ភ័យ​មុន​ពេល​ប្រលង និង​អំឡុង​ពេល​ប្រឡង​ ដូច​ខាង​ក្រោម​នេះ៖

– ត្រូវ​រៀប​ចំ​គោលដៅ​ចំពោះខ្លួន​ឯង៖

យើងត្រូវសួរខ្លួនឯងថា ចង់បានអ្វី ចង់បានត្រឹមតែបញ្ចប់បាក់ឌុប ឬចង់ទទួលបាននិទ្ទេសល្អ។ ជាមួយគ្នានេះដែរ យើងត្រូវកំណត់គោលដៅអមទៅដោយការតាំងចិត្តយ៉ាងមោះមុត ទោះ​យើង​មិនទាន់​ចេះក៏ដោយ​ តែយើងត្រូវប្រាប់ខ្លួនឯងដើម្បីបន្សាំខ្លួនទៅនឹងបរិយាកាស​នៃការប្រលង​មួយ​នេះ។​

– ត្រូវរៀបចំកាលវិភាគសិក្សាបន្ថែម៖

យើងត្រូវយកមុខវិជ្ជាចាស់ៗ និងថ្មីដែលត្រូវប្រលងមករំលឹកសាជាថ្មីទាំងអស់ជារៀងរាល់ថ្ងៃ ហើយ​ត្រូវ​ព្យាយាមសង្ខេបរាល់មេរៀនទាំងអស់នោះដោយក្ដោបយកចំណុចសំខាន់ នៃខ្លឹមសារមេរៀន​នីមួយៗ​ឡើងវិញ​ឲ្យបានគ្រប់ជ្រោយ។​

– ត្រូវយកវិញ្ញាសាសម័យប្រលងមុនៗមកអនុវត្តន៍ឲ្យច្រើន ៖

ដើម្បី​ដឹង​ពី​ល្បិច​ នៃ​លំហាត់​ដែល​ធ្លាប់ចេញកន្លងមក​បាន​ល្អិតល្អន់ ហើយ​យើង​ត្រូវ​កំណត់​ពេល​ក្នុង​ការ​ធ្វើលំហាត់​នីមួយៗ​ដើម្បី​ស្ទាបស្ទង់​ចំណេះដឹង​របស់​ខ្លួនឯង ថាតើយើងចំណាយពេលប៉ុន្មានសម្រាន់លំហាត់នីមួយៗ ពេល​នោះ​យើង​នឹងស្គាល់ខ្លួនឯងច្បាស់ជាងមុន​ ហើយក៏បានត្រៀមខ្លួនបានត្រឹមត្រូវមុនការ​ប្រលង​មកដល់។

– អំឡុង​ពេល​ប្រឡង​ ធ្វើ​លំហាត់​ងាយ​មុន និង​ការ​តាំង​ចិត្ត​ខ្ពស់៖

ក្នុង​ពេល​កំពុង​ប្រឡង ត្រូវធ្វើលំហាត់ណា​ដែលខ្លួនយល់ និងចំណាយពេលខ្លីមុនគេ មិន​ត្រូវ​ធ្វើ​លំហាត់ណា ដែលគិតថា​ខ្លូនចេះតែត្រូវចំណាយពេលធ្វើយូរមុននោះទេ​ ព្រមទាំង​ប្រាប់ខ្លួន​ឯងថា កុំភ័យ យើងអាចឆ្លងកាត់វាបាន។​ ​

បើ​ទោះ​បីជា​គន្លឹះ​ដែល​បាន​ត្រៀម​រួចរាល់​ខាង​លើ​នេះ​ក្ដី ក៏​កត្តា​មួយ​ទៀត​សំខាន់​ដែរ​ ដែល​មិន​អាច​ខ្វះ​បាន​ គឺ​ការ​ថែរក្សា​សុខភាព។ សុខភាព​សំខាន់​ជា​ចម្បង ដែល​ទាមទារ​ឲ្យ​មាន​ការ​ ថែទាំ​សុខភាព​ឲ្យ​បាន​ត្រឹមត្រូវ​គូរ​ដឹង​អាហារ​ត្រូវ​បរិភោគ និង​មិន​ត្រូវ​បរិភោគ សុខភាព​ល្អ​ជា​ផ្នែក​មួយ​ជួយ​ជម្រុញ​ការ​សិក្សា​ឲ្យ​ទទួល​បាន​លទ្ធផល​មួយ​ជាទី​គាប់ចិត្ត​សម្រាប់​ខ្លួនឯង៕

អត្ថបទ៖ ង៉ាន់​ សុគុន

បញ្ចេញយោបល់
Loading...