ពិតជាល្អណាស់! ជនជាតិជប៉ុននឹងប្រគល់វត្ថុបុរាណខ្មែរ ៨៥មុខ ដល់កម្ពុជាវិញ

0
1
Loading...

លោកស្រី​បណ្ឌិត ហ្វូ​មីកូ តា​កា​កុវ៉ា ជា​ជន​ជាតិ​ជប៉ុន បាន​ស្ម័គ្រចិត្ត​ប្រគល់​អំណោយ​វត្ថុ​បុរាណ​ខ្មែរ​ចំ​នួន​៨៥​មុខ ជូន​ដល់​រាជរដ្ឋាភិបាល និង​ប្រជា​ជន​កម្ពុជា​វិញ បន្ទាប់​ពី​ជនខិល​ខូច​យក​ទៅ​លក់​នៅ​ឯ​ទីផ្សារ​បរទេស ពេល​ដែល​ប្រទេស​កម្ពុជា​ជួប​ភ្លើង​សង្គ្រាម​រ៉ាំរ៉ៃ។ ​

​ការ​ទទួល​អំណោយ​វត្ថុ​បុរាណ​ខ្មែរ​ចំ​នួន​៨៥​មុខ​នេះ នឹង​រៀបចំ​ធ្វើឡើង​ដោយ​ក្រសួង​វ​ប្បធ​ម៌ និង​វិចិត្រសិល្បៈ នៅ​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៩​។​ វត្ថុ​បុរាណ​ទាំង​នោះ​មានដូចជា​៖ បដិមា​ព្រហ្មញ្ញសាសនា​, ព្រះពុទ្ធសាសនា​, គ្រឿង​លំអ​, ត្រា​មាន​លំអរូប​សត្វ​ធ្វើ​ពី​សំ​រិ​ទ្ធ​, បំណែក​តុបតែង​, ខ្សែក​ធ្វើ​ពី​មាស​, កុលាលភាជន៍ និង​អក​កំបោរ​ធ្វើ​ពី​ស្ពាន់ ដែល​មាន​អាយុកាល ក្នុង​ស​ម័​យ​បុរេ​ប្រវត្តិសាស្ដ្រស​ម័​យ​មុន​អង្គ​រ​, ស​ម័​យ​អង្គរ និង​ស​ម័​យ​ក្រោយ​អង្គ​រ​។​

បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​វ​ប្បធ​ម៌ និង​វិចិត្រសិល្បៈ បាន​ឲ្យ​ដឹងថា ការ​ប្រគល់​វត្ថុ​បុរាណ​ទាំង​៨៥​មុខ​របស់​លោកស្រី​បណ្ឌិត ហ្វូ​មីកូ តា​កា​កុវ៉ា នេះ​ដើម្បីឧ​ទ្ទិស​ដល់​វិ​ញ្ញាណ​ខ័​ន្ធ​ស្វាមី​របស់​លោកស្រី​។​ លោកស្រី ភឿង ស​កុណា រដ្ឋ​ម​ន្ដ្រី​ក្រសួង​វប្បធ​ម៌ និង​វិចិត្រសិល្បៈ​លើកឡើងថា ការ​ប្រគល់​ត្រឡប់មក​វិញ​នូវ​រតន​វត្ថុ​របស់​ជាតិ ជា​ការវិល​មក​វិញ​នូវ​ព្រលឹង​បុព្វបុរស​ខ្មែរ ជាម​ង្គ​ល​ដ៏​ឧ​ត្ត​ម​របស់​ជាតិ​។ ការ​ស្ម័គ្រចិត្ត​ប្រគល់​វត្ថុ​បុរាណ​មកកាន់​ប្រទេស​កំ​ណើ​ត បង្ហាញ​ឲ្យ​ឃើញ​ពី ការលើកតម្លៃ​សម្បត្តិ​វ​ប្បធ​ម៌នៃ​មនុស្សជាតិ និង​ការ​ប្រសើរឡើង​នូ​វ​ក្រម​សីល​ធ​ម៌ នៃ​អ្នកធ្វើ​ស​មុ​ច្ច័​យ​បុរាណ​។​

​លោកស្រី​បញ្ជាក់ថា កម្ពុជា​ចាត់ទុកថា​ទ​ង្វើ​ដ៏​ថ្លៃ​ថ្លានេះ មិន​ត្រឹម​បង្ហាញ​ពី​ការចូលរួម​លើក​តម្លៃ ដល់​វ​ប្បធ​ម៌នៃជាតិ​សាសន៍​នីមួយៗ​ប៉ុណ្ណោះទេ តែ​បាន​ចូលរួម​ចំណែក​ដ៏​ឧត្ដុង្គឧត្ដម​ក្នុង​ការ​ផ្សះ​ផ្សា និង​ព្យាបាល​របួស​ផ្លូវចិត្ត​របស់​ប្រជា​ជន​កម្ពុជា ដែល​បាន​ឆ្លងកាត់​សង្គ្រាមស៊ីវិល​រ៉ាំរៃ និង​រង​គ្រោះ​ពី​សោកនាដកម្ម និង​ទារុណកម្ម​នៃ​អំពើ​ប្រល័​យ​ពូជសាសន៍ ប៉ុល ពត​៕

 

បញ្ចេញយោបល់
Loading...