នាំចូលផ្ទះសំណាក់ចេញមកវិញ ខាងប្រុសសុីដាច់​ម៉ូតូ​

0
6
Loading...

រតនគីរី ) ៖ កាលពី​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ មាន​ករណី ស្ត្រី​ម្នាក់​ទើបនឹង​ទាក់ទង​ស្គាល់គ្នា​ជាមួយ​បុរស​ម្នាក់ទៀត ណាត់ជួប​គ្នា អត់​មានអី​ជិះ​ទៅ​ទទួល​ប្រុស​ស្នេហ៍ ក៏​ខ្ចី​ម៉ូតូ១គ្រឿង​ពី​អ្នក​ស្គាល់គ្នា ប្រាប់ថា យកទៅ​ប្រើការ​សិន រួច​ក៏​ទៅ​ទទួល​ប្រុស​ស្នេហ៍​ដឹក​គ្នា​ដើរលេង​លំហែ​អស់ចិត្ត ក៏​ចូល​ផ្ទះសំណាក់​រួមរ័ក​គ្នា​បាន​ម្តង ទើប​យក​ម៉ូតូ​ទៅ​ប្រគល់ឱ្យ​ម្ចាស់​គេ​វិញ លុះ​ថ្ងៃ​បន្ទាប់ ខាង​ប្រុស​ក៏​ល្បួង​ស្រី​ស្នេហ៍​ខ្លួន​ឱ្យទៅ​ខ្ចី​ម៉ូតូ​មក​ជិះ​ទៀត រួច​ក៏​ស៊ីដាច់​បាត់ ទើប​ម្ចាស់​ម៉ូតូ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ខាង​ស្រី យកទៅ​សាកសួរ ចំណុច​ហាង​ឆែម​ពាន ស្ថិតនៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង។

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន មានឈ្មោះ​អុល ហាន ភេទ​ស្រី អាយុ៣៥ឆ្នាំ មាន​លំនៅ​ក្នុង​សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង។ ចំណែក​ជនសង្ស័យ​ជា​ប្រុស​ស្នេហ៍​ដែល​ស៊ីដាច់​ម៉ូតូ​បាត់​មានឈ្មោះ​ពេជ្រ ភេទ​ប្រុស អាយុ៣៧ឆ្នាំ ត្រូវជា​ប្រុស​ស្នេហ៍ មុខរបរ​និង​ស្នាក់នៅ​មិន​ពិតប្រាកដ (កំពុង​រត់គេចខ្លួន)។ រីឯ​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ មានឈ្មោះ​ងួន ធា មាន​លំនៅ​ក្នុង​សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង។ ដោយឡែក​ម៉ូតូ​ដែល​ត្រូវ​ជនសង្ស័យ​ទាំង២នាក់ ប្រុង​ស៊ីដាច់ ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ២០១៩ ពាក់​ស្លាក​លេខ​ភ្នំពេញ 1HQ-2883។

នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ អុល ហាន បាន​ឆ្លើយ​សារភាពថា នាង​ពិតជា​ធ្លាប់​ខ្ចី​ម៉ូតូ​ជនរងគ្រោះ​ជិះ​ដើរលេង​ជាមួយ​បុរស​ម្នាក់ទៀត ដែល​ទើប​ស្គាល់គ្នា (ប្រុស​ស្នេហ៍) ហើយក៏​បាន​ដេក​ជាមួយគ្នា​ដែរ។ បុរស​នោះ​មានឈ្មោះ ពេជ្រ អាយុ៣៧ឆ្នាំ ហើយ​ពួកនាង​បាន​ជិះ​ដើរលេង​ជុំវិញ​ខេត្ត និង​បាន​ជិះ​ទៅ​ស្រោច​ទឹក​ជាមួយគ្នា នៅ​វត្ត​អូរ​ចេង ហើយ​ត្រឡប់មកវិញ ក៏​ប្រគល់​ម៉ូតូ​ជូនទៅ​ម្ចាស់​ម៉ូតូ​វិញ នៅ​ថ្ងៃ​ដំបូង នាង​បាន​បន្តទៀតថា លុះ​ព្រឹក​ឡើង​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ បុរស​ឈ្មោះ​ពេជ្រ បាន​លួងលោម​ឱ្យ​នាង​ជា​ស្រី​ស្នេហ៍​ខ្ចី​ម៉ូតូ​ពី​ម្ចាស់​ម៉ូតូ​ម្តងទៀត ឱ្យ​ជូន​រូបគេ​ទៅ​អូរ​ពងមាន់ ខេត្តស្ទឹងត្រែង។ លុះ​ខ្ចី​ម៉ូតូ​គេ​បាន ហើយ​ឈ្មោះ​ពេជ្រ បាន​ជិះ​ម៉ូតូឌុប​នាង​ទៅដល់​អូរ​ពងមាន់ និង​បាន​ជិះ​តាម​ផ្លូវជាតិ​លេខ៧ ជិះ​រហូតដល់​ម្តុំ​ផ្លូវបំបែក​ព្រះ​ធាតុ ក៏​ចូល​ផ្ទះសំណាក់​ទួល​ជ័យ បន្ទាប់មក​ប្រុស​ស្នេហ៍ ក៏បាន​ទម្លាក់​នាង ឱ្យ​ចាំ​នៅក្នុង​ផ្ទះសំណាក់ ហើយក៏​យក​ម៉ូតូ និង​ទូរស័ព្ទដៃ​របស់​នាង១គ្រឿង​ទៀត ទៅ​បាត់​រហូត។ លុះដល់​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ​ដដែល ទើប​ម្ចាស់​ម៉ូតូ​មកប្តឹង​សមត្ថកិច្ច និង​ឈានដល់​ការចាប់ខ្លួន​នាង​តែម្តង។

បើ​យោងតាម​ពាក្យបណ្តឹង​របស់​ឈ្មោះ​ងួន ធា ជា​ម្ចាស់​ម៉ូតូ បានបញ្ជាក់​ប្រាប់ថា នៅ​មុនពេល​កើតហេតុ កាលពី​វេលា​ម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ឈ្មោះ​អុល ហាន ភេទ​ស្រី ដែលជា​មនុស្ស​ធ្លាប់​ស្គាល់គ្នា បានមក​ខ្ចី​ម៉ូតូ​របស់គាត់ ម៉ាក​ហុងដា​ឌ្រី​ម យកទៅ​ជិះ ដោយ​ប្រាប់ថា ខ្ចី​យកទៅ​ប្រើការ​សិន។ លុះដល់​យប់​បន្តិច ទើប​ឃើញ​ជិះ​ម៉ូតូ​យកមក​ប្រគល់ឱ្យ​គាត់​វិញ។ ស្រាប់តែ​មកដល់​ព្រឹក​ព្រលឹម​ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៩ ឈ្មោះ​អុល ហាន ក៏​មក​ខ្ចី​ម៉ូតូ​របស់គាត់​ទៅ​ជិះ​ម្តងទៀត លុះដល់​យប់​ជ្រៅ​ទៅហើយ មិនឃើញ​យក​ម៉ូតូ​មក​ប្រគល់ឱ្យ​គាត់​វិញ ទើប​គាត់​បាន​ទូរស័ព្ទ​ទៅ​សួរ ស្រាប់តែ​ឈ្មោះ​អុល ហាន បាន​ឆ្លើយថា មាន​គេ​ខ្ចី​ម៉ូតូ​របស់គាត់​ត​ទៀតហើយ មិនទាន់​ឃើញ​យកមក​ឱ្យ​វិញ​ដែរ។ ឮ​បែបនេះ គាត់​ជា​ម្ចាស់​ម៉ូតូ​ក៏​ប្រញាប់​រាយការណ៍​ប្តឹង​សមត្ថកិច្ច​ឱ្យជួយ​អន្តរាគមន៍ រហូត​ឈានដល់​ការឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ខាងលើ យកទៅ​សាកសួរ។

បច្ចុប្បន្ន ការិយាល័យ​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ឈ្មោះ​អុល ហាន ជា​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​ស្រាវជ្រាវ​តាម​ប្រមាញ់​ចាប់ខ្លួន​ជនសង្ស័យ​ជា​ប្រុស​ស្នេហ៍​ឈ្មោះ​ពេជ្រ ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់៕

បញ្ចេញយោបល់
Loading...