ស្វាក៍ចេះ Selfie ដែរ ថែមទាំងលើកដៃឌឺទៀត!

0
0
Loading...

បើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន ដេលីម៉ែល បានឲ្យដឹងថា ក្រុមគ្រួសារមួយ មកពី Sunshine Coast រដ្ឋ Queensland ប្រទេសអូស្រ្តាលី បានធ្វើដំណើរទៅលេងកម្សាន្តនៅលើកោះបាលី នាទឹកដីនៃប្រទេសឥណ្ឌូនេស៊ី កាលពីពេលថ្មីៗកន្លងទៅនេះ។

ក្នុងដំណើរកម្សាន្ត និងសម្រាកលំហែកាយនេះដែរ ក្រុមគ្រួសារលោក Simon បានចូលលេងតំបន់ព្រៃមួយ (ឬឧទ្យានស្វា) ដែលជាកន្លែងចិញ្ចឹម និងសម្បូរទៅដោយសត្វស្វារាប់រយក្បាលរស់នៅទីនោះ ដើម្បីឲ្យភ្ញៀវទេសចរបានទស្សនា និងថតផ្តិតយកទេសភាព។

ប៉ុន្តែផ្ទុយទៅវិញ មិនទាំងទាន់បានស្អីផង ក៏ស្រាប់តែមានស្វាកំហូចមួយក្បាល ចេញមកកញ្ឆក់យកទូរស័ព្ទពីពួកគេ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលនោះ ស្វាដ៏ច្រឡឺមមួយក្បាលនោះ បែរជាចេះកាន់យកទៅថត Selfie ជាមួយនឹងគ្រួសារលោក Simon យ៉ាងរំភើប ហើយលើសពីនេះទៅទៀតនោះ វាថែមទាំងចេះលើកម្រាមដៃកណ្តាលមួយ (មានន័យថា ឈ្លើយ ឬអាចនិយាយបានថា ធ្វើឌឺដាក់) ដាក់មុខកាមេរ៉ា យ៉ាងអឿដូចបងធំតែម្តង។

គ្រួសារលោក Simon នាំគ្នាអស់សំណើចយ៉ាងខ្លាំង ចំពោះសកម្មភាពដែលមិនធ្លាប់ជួបប្រទះមួយនេះ។ ហើយអ្វីដែលគួរឲ្យសរសើរផងដែរនោះ ក្រោយថត Selfie ចប់ ស្វាកំហូចនោះ ក៏បានឲ្យទូរស័ព្ទទៅឲ្យក្រុមគ្រួសារលោក Simon វិញផងដែរ។

គ្រួសារលោក Simon បាននិយាយថា នេះគឺជាបទពិសោធន៍ ក៏ដូចជាដំណើរកម្សាន្តដ៏រីករាយ ដែលមិនអាចបំភ្លេចបាន។ ហើយក្រោយពីពួកគេបានបង្ហោះចែកចាយរូបភាពនេះ នៅលើបណ្តាញសង្គម គ្រប់គ្នាក៏បានសម្ដែងការភ្ញាក់ផ្អើល ចំពោះរឿងដ៏កំប្លែងនេះផងដែរ៕

បញ្ចេញយោបល់
Loading...