យុវតី​ស្រស់​ស្អាត​ម្នាក់ រាំ​តែ​ម្នាក់​ឯង ​តែ​អ្នក​ហ៊ោ​កក្រើក K-pop World Festival

0
4
Loading...

ម៉ាន នីស្សា គឺ​ជា​បេក្ខនារី​តែ​ម្នាក់​គត់ ដែល​ត្រូវ​បាន​ប្រកាស​ថា​មក​ពី​ខេត្ត​សៀមរាប ក្នុង​ចំណោម​បេក្ខភាព​១១ ផ្សេង​ទៀត សុទ្ធ​ជា​អ្នក​នៅ​រាជធានី។ ប៉ុន្តែ​យុវតី​វ័យ ១៩ ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​មាន​សមត្ថភាព​ខ្លាំង​មិន​ធម្មតា និង​ល្អ​ទាំង​ព្រម​តែ​ម្ដង។

ចំណុច​លេច​ធ្លោ នីស្សា មាន​វ័យ​ក្មេង សម្រស់​ស្រស់​ស្អាត ឯ​ទឹក​មុខ​ញញឹម​ជា​និច្ច បូក​នឹង​ក្បាច់​រាំ​ទន់​ភ្លន់ ច្បាស់​ៗ នីស្សា ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ក្នុង​ការ​ប្រកួត​នោះ។

ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ ចុង​បញ្ចប់​នៃ​កម្មវិធី នីស្សា មិន​ជាប់​ក្នុង​ជយលាភី​នោះ​ទេ។ យ៉ាង​នេះ​ក្ដី ចំណុច​គួរ​កត់​សម្គាល់ ក្រោយ​ការ​ប្រកាស​លទ្ធផល គេ​ឃើញ​លោក Kim Il hoon អ្នក​ផលិតកម្ម​វិធី​នៃ​​ស្ថានីយ​ទូរទស្សន៍ KBS ដ៏​ល្បី​របស់​កូរ៉េ និង​ជា​អ្នក​ផ្ដួច​ផ្ដើម​គំនិត​បង្កើត K-POP World Festival បាន​ឡើង​ទៅ​ជួប នីស្សា ផ្ទាល់​នៅ​លើ​ឆាក។ គេ​ឃើញ​ផលិតករ​កម្មវិធី​របស់ KBS បាន​ទៅ​​ឱន​ខ្សឹប​ទៅ​យុវតី​មក​ពី​ខេត្ត​រូប​នេះ។ បន្តិច​ក្រោយ​មក គេ​ឃើញ នីស្សា ហូរ​ទឹក​ភ្នែក។

លោក Kim Il hoon អ្នក​ផលិតកម្ម​វិធី​នៃ​​ស្ថានីយ​ទូរទស្សន៍ KBS របស់​កូរ៉េ ឡើង​ទៅ​លើក​ទឹក​ចិត្ត នីស្សា
តាម​សាមី​ខ្លួន បាន​បញ្ជាក់​ថា ពេល​នោះ នាង​ពិត​ជា​យំ​មែន ក្រោយ​ពី​បាន​លឺ​សំដី​របស់​ផលិតករ​កម្មវិធី​ជនជាតិ​កូរ៉េ។ កញ្ញា ប្រាប់​ថា លោក Kim Il hoon បាន​សរសើរ​នាង​ថា នាង​ធ្វើ​បាន​ល្អ និង​ថា លោក​ពេញ​ចិត្ត​សមត្ថភាព និង​ការ​សម្ដែង​របស់​នាង​នា​ពេល​នោះ។ ដូច្នេះ​ហើយ សូម​កុំ​អស់​សង្ឃឹម និង​បន្ត​ការ​ព្យាយាម​បន្ថែម​ទៀត ដើម្បី​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន​ក្នុង​វិស័យ K-pop។ បាន​លឺ​សំដី​ផ្ទាល់ របស់​ផលិតករ​អន្តរជាតិ​រូប​នោះ នីស្សា ប្រាប់​ថា នាង​រំភើប​ទើប​ដល់​ថ្នាក់​ហូរ​ទឹក​ភ្នែក​ភ្លាម​ៗ​តែ​ម្ដង។

នីស្សា ហូរ​ទឹក​ភ្នែក​រំភើប​នឹង​ការ​សរសេរ​របស់​ផលិតករ​បរទេស

កញ្ញា ម៉ាន នីស្សា មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង​ និង​មាន​បង​ប្អូន​២នាក់ ស្រី​ទាំង​ពីរ នាង​គឺ​ជា​កូន​ពៅ។ ឪពុក​នាង ជា​គ្រូពេទ្យ ម្ដាយ​ជា​មេផ្ទះ។ ចំពោះ​មូលហេតុ​កម្មវិធី​បាន​ប្រកាស​ថា នាង​មក​ពី​ខេត្ត​សៀមរាប នីស្សា ប្រាប់​ថា ដោយ​សារ​តែ​ក្នុង​​វគ្គ​ជម្រុះ​តាម​ខេត្ត កញ្ញា បាន​ទៅ​ចុះ​ឈ្មោះ​ប្រឡង​នៅ​សៀមរាប​ប៉ុណ្ណោះ ទើប​ជាប់​ឈ្មោះ​អ្នក​ខេត្ត​នេះ

មក​ដល់​បច្ចុប្បន្ន នីស្សា បាន និង​កំពុង​សិក្សា​ភាសា​កូរ៉េ​ឆ្នាំ​ទី ១ នៅ​វិទ្យាស្ថាន​ភាសា​បរទេស(IFL)។ ដោយ​សារ​និស្ស័យ​ស្រឡាញ់​សិល្បៈ K-pop នាង​បាន​ហ្វឹកហាត់​រាំ​ជាមួយ​គ្រូ​ម្នាក់​ឈ្មោះ កក្កដា តាំង​ពី​ខែ វិច្ឆិកា ២០១៨។ មក​ដល់​ឥឡូវ ម៉ាន នីស្សា ធ្លាប់​បាន​ចូល​រួម​ការ​ប្រឡង​ចំនួន​៣​លើក​រួច​មក ហើយ។ យ៉ាង​ណា បើ​ទោះ​មិន​ទាន់​ទទួល​លទ្ធផល​ល្អ ប៉ុន្តែ​យុវតី​រូប​នេះ អះអាង​ថា មិន​បោះបង់​ចោល​ក្ដី​ស្រមៃ​របស់​ខ្លួន​ក្នុង K-Pop ឡើយ៕

បញ្ចេញយោបល់
Loading...