លោក ពេជ្រ ស្រស់ ប្រធានបក្សយុវជនកម្ពុជា មិនគាំទ្រអោយមានទោសប្រហារជីវិតនោះឡើយ

0
5
Loading...

ក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថាចង់ធ្វើប្រជាមតិ ធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ អោយមានការកាត់ទោសប្រហារជីវិតចំពោះករណី ឪពុករំលោភកូន តារំលោភចៅ ពូរំលោភក្មួយ ដើម្បីបន្សាបភាពតិរច្ឆាន ព្រោះតែឃើញនូវការឈឺចាប់របស់ក្មេងៗរងគ្រោះ ដែលរងការធ្វើបាបយ៉ាងព្សៃផ្សៃពីសំណាក់ជនកំណាចទាំងនោះ។ ក្នុងនោះដែរលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ក៏បានបង្ហោះសារមិនគាំទ្រដាច់ខាតចំពោះច្បាប់ប្រហារជីវិតនេះឡើយ ដោយលោកលើកឡើងថា៖

“ករណីនេះ សម្រាប់ប្រទេសកម្ពុជាបច្ចុប្បន្ន គឺមិនគួរមានទោសប្រហារជីវិតនោះឡើយ ដោយផ្អែកលើពលរដ្ឋខ្មែរមួយចំនួនគឺចំណេះដឹងរបស់ពួកគាត់នៅមានកម្រិត ហើយកម្ពុជាទើបតែបានឆ្លងកាត់រួចផុតពីការសម្លាប់ក្រៅច្បាប់យ៉ាងច្រើនសន្ធឹក នៅក្នុងអំឡុងពេលសម័យប៉ុលពតកាន់អំណាចនិងម្យ៉ាងវិញទៀតគឺពលរដ្ឋខ្មែរមួយចំនួនមិនទាន់ទទួលបានការអប់រំបានល្អនៅឡើយទេ។ ក្នុងករណីនេះរដ្ឋាភិបាលគួរតែរឹតបន្តឹងនូវច្បាប់ឲ្យតឹងរឹងនិងអប់រំអំពីសីលធម៌ ព្រមទាំងសិទ្ធិកុមារឲ្យបានជ្រួតជ្រាបដល់ពលរដ្ឋឲ្យយល់ដឹងបន្ថែមទៀត និងបិទនូវ website មួយចំនួនដែលចាក់ផ្សាយរឿងសិច ជាពិសេសគឺបង្កើតច្បាប់ដាក់គុកមួយជីវិតជំនួសច្បាប់ប្រហារជីវិតដល់បុគ្គលប្រព្រឹត្តបទល្មើសលើកុមារីវិញល្អជាង។ ក្នុងន័យនេះ ខ្ញុំ ពេជ្រ ស្រស់ មិនគាំទ្រការបង្កើតនូវច្បាប់ប្រហារជីវិតក្នុងប្រទេសកម្ពុជាជាដាច់ខាត ដោយយើងយកយន្តការអប់រំនិងរឹតបន្តឹងច្បាប់វិញទើបប្រសើរជាង។ ទិដ្ឋភាពជាក់ស្តែង គឺកើតចេញពីការសេពនូវគ្រឿងស្រវឹង ការមើលនូវវីឌីអូសិច ការឃើញភាពសិចស៊ីរបស់ស្រ្តីឬតារាស្រីៗមួយចំនួន ហើយក៏បណ្តាលមកពីសិតិមិនល្អរបស់បុគ្គលមួយចំនួនផងដែរ ដូច្នេះក្នុងនាមរដ្ឋាភិបាលគួតែកម្ចាត់ចោលនូវហេតុ ដែលនាំឲ្យកើតឡើងនូវការចាប់រំលោភនេះឲ្យអស់ពីសមត្ថភាពជាមុនសិនចាំបង្កើតច្បាប់ប្រហារជីវិតនេះក៏មិនទាន់យឺតពេលដែរប៉ុន្តែយើងនាំគ្នាក្រឡេកមើលទៅក្រោយវិញ តើការលក់ និងការផ្សព្វផ្សាយនូវគ្រឿងស្រវឹងបានរឹតបន្តឹង និងលុបបំបាត់ហើយឬនៅ? ការបោសសម្អាតនូវគ្រឿងញៀនគ្រប់ប្រភេទបានហើយឬនៅ?

ការអប់រំដល់ស្រ្តី និង តារាស្រីៗ កុំឲ្យស្លៀកពាក់សិចស៊ីហួសហេតុពេកបានហើយឬនៅ?ការបិទ websiteដែលចាក់ផ្សាយរឿងសិចបានហើយឬនៅ? ការផ្សព្វផ្សាយសីលធម៌សង្គម និងការអប់រំដល់ពលរដ្ឋបានទូលំទូលាយហើយឬនៅ? សំនួរទាំងអស់ខាងលើនេះមិនទាន់អាចធ្វើបានផងនឹង ចុះប្រញាប់អ្វីម្លេះក្នុងការបង្កើតទោសប្រហារជីវិតនេះ ហើយបើសិនជាមានទោសប្រហារជីវិតពិតមែននោះ គឺនឹងមានអ្នកស្លាប់ដោយសារតែការលាបពណ៍មិនខានឡើយ។ ពេជ្រ ស្រស់ ១០/០៣/២០១៩”

បញ្ចេញយោបល់
Loading...