មេ​ក្លោង​ជួញដូរ​គ្រឿង​ញៀន​ ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​​ជាង​គេ​​ ទាំង​១០ លើ​ពិភពលោក

0
13
Loading...

(ពិភពលោក)៖ ទោះបី​ការ​ជួញដូរ​គ្រឿង​ញៀន ជា​រឿង​ខុសច្បាប់ និង​ប្រឈម​គ្រោះ​ថ្នាក់​ក្តី នៅ​តែ​មាន​មនុស្ស​ជាច្រើន ប្រថុយ​ប្រឡូក​ក្នុង​រឿង​នេះ។ យ៉ាង​នេះ​ក្តី អ្នក​ជួញដូរ​គ្រឿង​ញៀន​ភាគ​ច្រើន មិន​អាច​​សោយ​សុខ​ទ្រព្យសម្បត្តិ​ដែល​រក​បាន​ដោយ​ងាយ​នោះ​ទេ ពួកគេ​ភាគច្រើន​ត្រូវ​គេ​ប្រហារ​ជីវិត ឃុំ​ឃាំង​ក្នុង​ពន្ធ​ធនាគារ ឬ​ស្ថិត​ក្រោម​ការ​ចាប់​ខ្លួន​ជានិច្ច។ ខាងក្រោម​នេះ​ជា​អ្នក​ជួញដូរ​គ្រឿង​ញៀន​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ទាំង​១០ លើ​ពិភពលោក៖ ​​​

១០៖ លោក José Figueroa Agosto មាន​ទ្រព្យ​សម្បត្តិ​សរុប ១០០លានដុល្លារ។ លោក​ត្រូវ​កាត់​ទោស​ឱ្យ​​ជាប់​ពន្ធ​ធនាគារ​រយៈ​ពេល​២០៩​ឆ្នាំ។ បន្ទាប់​ពី​ការ​រត់​គេច​ជាច្រើន​លើក ទីបំផុត​ លោក​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ឆ្នាំ​២០១០។

៩៖ លោក Nicky Barnes មាន​ទ្រព្យ​សម្បត្តិ​សរុប ១០៥​លាន​ដុល្លារ​ពី​ការ​លក់ ហេរ៉ូអ៊ីន។ លោក​ទទួល​បាន​ងារ​ថា “បុរស​មិន​អាច​ចាប់​បាន”។ តែ​ទីបំផុត​លោក​ត្រូវ​បាន​គេ​ចាប់​ខ្លួន នឹង​​ប្រឈម​មុខ​ជាប់​​ពន្ធ​ធនាគារ​ពេញ​មួយ​ជីវិត។ តែ​ក្នុង​ឆ្នាំ​១៩៩៨ លោក​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព ហើយ​លោក​បាន​កែ​​ប្រែ​ជីវិត ដោយ​ដក​ខ្លួន​ពី​គ្រឿង​ញៀន។

៨៖ លោក Paul Lir Alexanderមាន​ទ្រព្យសម្បត្តិ​ ១៧០​លាន​ដុល្លារ​ ពី​ការ​ជួញដូរ​​សារធាតុ កាកូអ៊ីន។ លោក​ជាប់​ឈ្មោះ​ជា​អ្នក​ជួញដូរ​ដ៏​ឆ្លាត​វៃ ដោយ​​ជួយ​រដ្ឋាភិបាល​អាមេរិក​ក្នុង​ការ​ចាប់​ខ្លួន​អ្នក​ជួញដូរ​គ្រឿង​ញៀន​ផ្សេង​ទៀត។ ថ្វី​បើ​លោក​ត្រូវ​បាន​គេ​ចាប់ខ្លួននៅ អាមេរិក​ហើយ​បញ្ជូនត្រឡប់ទៅ​ប្រទេស ប្រេស៊ីល ដើម្បី​ជាប់​ពន្ធធនាគារ​រយៈ​ពេល ១២​ឆ្នាំ តែ​លោក​បាន​រត់​គេចខ្លួន។ បច្ចុប្បន្ន បុរស​រូប​នេះ ត្រូវ​រស់នៅ​លាក់​ខ្លួន ដោយ​គេច​ចេញ​ពី​ការ​តាម​ចាប់​ពី​ប៉ូលីស។

៧៖ លោក Freeway Rick Ross មាន​ទ្រព្យ​សម្បត្តិ​៦០០ លាន​ដុល្លារ​ពី​ការ​ជួញ​សារធាតុ​កូកាអ៊ីន។
លោក​មាន​រូបរាង​​ស្រដៀង​នឹង​តារា​ចម្រៀង​រ៉េប Rick Ross លោក​ត្រូវ​បាន​គេ​ចាប់​ខ្លួននៅឆ្នាំ ១៩៩៦។

៦៖ លោក Rafael Caro Quintero មាន​ទ្រព្យ​សម្បត្តិ ៦៥០​លានដុល្លារ​។ លោក​ធ្លាប់​សម្លាប់​មនុស្ស​មួយ​ចំនួន​ក្នុង​នោះ​រួម​ទាំង​អ្នក​បើក​បរ​យន្តហោះ​ផងដែរ។ យោង​តាម​ប៉ូលីស​ Interpol លោក​ត្រូវ​បាន​ចាត់​ទុក​ជា​បុគ្គល​ដែល​គេ​​ត្រូវ​ការ​ចាប់​ខ្លួន​ជា​សកល​តែ​ម្តង។

៥៖ លោក Joaquin Guzmán Leora ទ្រព្យសម្បត្តិសរុប ១ពាន់លានដុល្លារ។ ជា​អ្នក​ជួញ​ដូរថ្នាំញៀន​ជនជាតិ​ម៉ិកស៊ិក ដោយ​ផ្គត់ផ្គង់គ្រឿងញៀនកូកាអ៊ីន និង កញ្ឆា នៅ​សហរដ្ឋអាមេរិក និង​ម៉ិកស៊ិក។ សារព័ត៌មាន Forbes បានចាត់​ទុក​លោក​​ជា​ “​មេខ្លោង​គ្រឿង​ញៀន​ធំ​ជាង​គេ​លើ​ពិភពលោក”។ គាត់ត្រូវបានចាប់ខ្លួន​កាល​ពី​ឆ្នាំ​​២០១៤​កន្លង​ទៅនេះ​។

៤៖ លោក​ស្រី Griselda Blanco មានទ្រព្យសម្បត្តិសរុប២ ពាន់លានដុល្លារ។ ស្ត្រី​រូប​នេះ​​ធ្លាប់​ចាប់​ជំរិត​ក្មេង​តាំង​ពី​ខ្លួន​ស្ថិត​នៅ​ក្នុង​​វ័យ​១១​ឆ្នាំ​នៅឡើយ ដោយ​ក្រោយ​មក​នាង​បាន​បាញ់​​កុមារ​រូប​នោះ​ត្រង់​ក្បាល​ឱ្យ​ស្លាប់​ភ្លាម​ៗ។ លោកស្រី​ធ្លាប់​សម្លាប់​ប្តី​​ទាំង​បី​នាក់​របស់​ខ្លួន ព្រមទាំង​ប្រើប្រាស់​កាំភ្លើង​ភ្ជង់​បង្ខំ​​បុរស​ៗ​ឱ្យ​រួមភេទ​ជាមួយ​​លោកស្រី​ថែមទៀត​ផង។ ទីបំផុត​ លោកស្រី​ត្រូវ​បាញ់សម្លាប់​ក្នុង​ឆ្នាំ​២០១២។

៣៖ លោក Carlos Lehder មាន​ទ្រព្យសម្បត្តិសរុប ២,៧ពាន់លានដុល្លារ។ លោក​ជា​​បុគ្គល​ដ៏​សំខាន់​ក្នុង​ការ​នាំ​កូកាអ៊ីន​​ពី​តំបន់​ភាគខាងត្បូង​រដ្ឋ​ Florida ​ទៅ​កាន់​ទីតាំង​នានា​ទូទាំង​សហរដ្ឋអាមេរិក។ ទីបំផុត​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​រដ្ឋ Conneticut។

២៖ លោក Amado Carrillo Fuentes មាន​ទ្រព្យសម្បត្តិ​សរុប ២៥​ពាន់​លាន​ដុល្លារ​។ លោក​ជា​អ្នក​ជួញដូរ​កូកាអ៊ីន​ដ៏​​សំខាន់​ម្នាក់​ពី​កូឡំប៊ី​ទៅកាន់​ម៉ិចស៊ីក។ ដើម្បី​គេច​ចេញ​ពី​ការ​ចាប់​ខ្លួន Amado Carrillo Fuentes បានធ្វើការវះកាត់កែសម្ផស្ស​ផ្លាស់​ប្តូរ​រូបរាង​របស់​ខ្លួន។

១៖ លោក Pablo Escobar មានទ្រព្យសម្បត្តិសរុប ៣០​ពាន់​លាន​ដុល្លារ បុរស​ម្នាក់នេះមិនត្រឹមតែជា​អ្នកមានទ្រព្យសម្បិត្តទេ ថែមទាំងមានឥទ្ធិពលខ្លាំងផងដែរ។

ទស្សនាវដ្តី Forbes បាន​សន្និដ្ឋាន​ថា Pablo Escobar បានគ្រប់គ្រងជាង ៨០​% នៃអាជីវកម្មកូកាអ៊ីននៅទូទាំងពិភពលោក។ ទោះ​បី​ជា​លោក​ជា​ឃាតករ​ដែល​គ្មានមេត្ដា​ក្តី ប៉ុន្តែPablo Escobar ជា​មនុស្ស​ល្អ​ម្នាក់​សម្រាប់ក្រុមគ្រួសារ។ ជាក់​ស្តែង​លោក​ធ្លាប់​​ដុត​សាច់​ប្រាក់​ជាង​១ លាន​ដុល្លារ ដើម្បី​ផ្តល់​កម្តៅ​ដល់​កូនស្រី​របស់​លោក ខណៈ​​កំពុង​គេច​ខ្លួន​​ពី​ប៉ូលិស៕

បញ្ចេញយោបល់
Loading...