ប្រដៅ​កូន​បែប​ណា ទើប​កូន​ស្ដាប់​បង្គាប់ មិន​ក្បាល​រឹង ឬ​ឈ្លើយ?

0
36
Loading...

អ្វី​ក៏​ដោយ​ដែល​ឪពុក​ម្ដាយ​ត្រូវ​ការ​ឲ្យ​កូន​ៗ​ធ្វើ ជា​ដំបូង​ឪពុក​ម្ដាយ​ត្រូវ​ធ្វើ​ជា​គំរូ​ឲ្យ​កូន​ៗ​បាន​ឃើញ​សិន ដូច្នេះ​ក្មេង​ៗ​នឹង​ចងចាំ​មេរៀន​ពី​អ្នក។ គ្រប់​សកម្មភាព​របស់​ឪពុក​ម្ដាយ​នឹង​ជះ​ឥទ្ធិពល​ដល់​កូន​ៗ បើ​មិន​ផ្លូវ​ល្អ ក៏​អាច​​​​ចូល​ទៅ​ផ្លូវ​អាក្រក់ ហើយ​បើ​អ្នក​ត្រូវ​ការ​ឲ្យ​កូន​ៗ​ជឿ​ស្ដាប់​បង្គាប់ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​សាមញ្ញ​ចំនួន ៤ ដែល​នឹង​ជួយ​ឲ្យ​​ឪពុក​ម្ដាយ​គ្រប់​រូប​ដឹង​ថា​ប្រដៅ​កូន​បែប​ណា​ទើប​កូន​ស្ដាប់​បង្គាប់។

១. ចាប់​ផ្ដើម​ដោយ​ការ​ស្ដាប់​កូន​សិន

ការ​ធ្វើ​ឲ្យ​កូន​ស្ដាប់​តាម​សម្ដី​របស់​ខ្លួន​ចាត់​ទុក​បាន​ថា​ជា​រឿង​លំបាក​​មួយ​របស់​ឪពុក​ម្ដាយ។ ដូច្នេះ​មុន​នឹង​ធ្វើ​ឲ្យ​កូន​ៗ​ងាក​មក​ស្ដាប់​តាម​សម្ដី​របស់​អ្នក​ អ្នក​ជា​ឪពុក​ម្ដាយ​ត្រូវ​ធ្វើ​ជា​គំរូ​ឲ្យ​ពួក​គេ​បាន​ឃើញ​សិន និង​ប្រើ​ចំណុច​នេះ​ជា​មេរៀន​បង្រៀន​ឲ្យ​កូន​​មាន​គំនិត​ចង់​ធ្វើ​ជា​អ្នក​ស្ដាប់​ដ៏​ល្អ។ បើ​អ្នក​ជា​ឪពុក​ម្ដាយ​​ដែល​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​អ្វី​ដែល​កូន​និយាយ ពួក​គេ​នឹង​មើល​ឃើញ​ពី​ការ​ខ្វល់ខ្វាយ​របស់​អ្នក និង​ហ៊ាន​និយាយ​ជាមួយ​អ្នក​យ៉ាង​បើក​ចំហ​។ ដូច្នេះ​ប្រសិន​បើ​ចង់​ឲ្យ​កូន​ៗ​ស្ដាប់​សម្ដី​អ្នក ជា​ដំបូង​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ទំនាក់ទំនង​របស់​អ្នក​និង​ពួក​គេ​មាន​ភាព​ស្និទ្ធស្នាល​។

២. ​របៀប​និយាយ​ជាមួយ​កូន​ គឺ​ជា​រឿង​សំខាន់

ពេល​ខ្លះ​​កូន​ៗ​អាច​នឹង​គ្មាន​ចិត្ត​ស្ដាប់​ឪពុក​ម្ដាយ​និយាយ នៅ​ពេល​ដែល​ឪពុក​ម្ដាយ​ចាប់​ផ្ដើម​រអ៊ូរទាំ​ខ្លាំង​ពេក ឬ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា​ឪពុក​ម្ដាយ​​កំពុង​​ជេរ​ស្ដី ឬ​ខឹង​ពួក​គេ​ដោយ​សារ​​ពួក​គេ​ធ្វើ​អ្វី​មិន​ដូច​ចិត្ត។ ជំនួស​ឲ្យ​ការ​ដែល​អ្នក​មក​ក្ដៅ​ក្រហាយ​នឹង​​ការ​ដែល​កូន​មិន​ចាប់​អារម្មណ៍​ស្ដាប់ សូម​សាក​ល្បង​ផ្លាស់​ប្ដូរ​ស្ថានការណ៍​នេះ​ជា​ថ្មី។ ជំនួស​ឲ្យ​ការ​ចាំ​តែ​ចេញ​បញ្ជា ឬ​​ស្រែក​បន្ទោស​ឮ​ៗ អ្នក​គួរ​​​ប្រើ​សម្ដី​ច្បាស់​លាស់​ប៉ុន្តែ​មិន​កាច​ដាច់​អហង្កា ដូច​ជា ប្រសិន​បើ​កូន​កំពុង​​ញ៉ាំ​នំ ហើយ​​ចោល​កញ្ចប់​​លើ​​ឥដ្ឋ អ្នក​គ្រាន់​តែ​ចង្អុល​ទៅ​​សម្បក​នំ​នោះ ហើយ​ប្រាប់​ឲ្យ​កូន​យក​ទៅ​ចោល​ក្នុង​ធុង​សំរាម ឬ​ជំនួស​ឲ្យ​ការ​ជេរ​ស្ដី​បន្ទោស អ្នក​គួរ​ប្រើ​​សំឡេង​ធម្មតា និង​​ប្រាប់​គេ​តាម​សម្រួល។

៣. សម្លឹង​កែវ​ភ្នែក + ច្បាស់​លាស់

ក្រៅ​ពី​ការ​ចាប់​អារម្មណ៍​ស្ដាប់ និង​ប្រើ​ពាក្យ​សម្ដី​ទន់ភ្លន់​ហើយ ភាសា​កាយវិការ​ក៏​ជា​ចំណុច​សំខាន់​ដែល​នឹង​ជួយ​ឲ្យ​កូន​ៗ​ងាក​មក​ស្ដាប់​បង្គាប់ ឬ​ស្ដាប់​សម្ដី​របស់​អ្នក​ដែរ។ ដូច្នេះ​នៅ​​ពេល​ស្ដាប់​អ្វី​ដែល​កូន​និយាយ អ្នក​គួរ​បន្ទាប​ខ្លួន​ឲ្យ​ស្មើ​ជាមួយ​កូន សម្លឹង​មើល​ភ្នែក​ពួក​គេ និង​តាំង​ចិត្ត​ស្ដាប់ ហើយ​នៅ​ពេល​អ្នក​និយាយ​ទៅ​កាន់​​កូន​ៗ​ក៏​ដូច​គ្នា។ នៅ​ពេល​​អ្នក​ប្រាប់​អ្វី​មួយ​បាន​ច្បាស់​លាស់ នោះ​នឹង​ធ្វើ​​ឲ្យ​កូន​ងាយ​យល់ និង​ស្ដាប់​តាម​សម្ដី​អ្នក។

៤. ស្វែង​រក​ឫសគល់​នៃ​បញ្ហា

ពេល​ខ្លះ​កូន​អ្នក​ហាក់​ស្ដាប់​បង្គាប់ ប៉ុន្តែ​បើ​ពេល​ខ្លះ​​កូន​​មិន​ស្ដាប់​បង្គាប់​ អ្នក​គួរ​សង្កេត​ និង​ស្វែង​យល់​ថា​ហេតុផល​ដែល​កូន​មាន​អាកប្បកិរិយា​បែប​នោះ គឺ​ដោយ​សារ​អ្វី។ ​សង្កេត​មើល​ថា​តើ​កូន​កំពុង​ខឹង ឬ​ខូច​ចិត្ត​នឹង​អ្វី​មួយ ឬ​ពួក​គេ​ធ្វើ​រឹង​រូស​ព្រោះ​ត្រូវ​ការ​ឲ្យ​ឪពុក​ម្ដាយ​ចាប់​អារម្មណ៍ ឬ​យក​ចិត្ត​ទុក​ដាក់។ ឧទាហរណ៍​​ដោយ​សារ​ទើប​មាន​ប្អូន ការ​ធ្វើ​បាប ឬ​បន្តុះ​បង្អាប់​នៅ​សាលារៀន ក៏​ដូច​ជា​ការ​ត្រូវ​ឪពុក​ម្ដាយ​ស្ដី​បន្ទោស គឺ​សុទ្ធ​តែ​អាច​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ក្មេង​មិន​​ស្ដាប់​បង្គាប់។ អាកប្បកិរិយា​កូន​អាច​នឹង​​ផ្លាស់​ប្ដូរ​ ទៅ​តាម​អាយុ​របស់​ពួក​គេ ដូច្នេះ​ឪពុក​ម្ដាយ​គួរ​ព្យាយាម​និយាយ​ជាមួយ​កូន​​ឲ្យ​បាន​ច្រើន និង​ស្វែង​រក​​ឲ្យ​ឃើញ​ថា​មាន​រឿង​អ្វី​កើត​ឡើង ហើយ​​ប្រាប់​កូន​​យល់​ជានិច្ច​ថា ម៉ាក់​ប៉ា​នៅ​តែ​ស្រឡាញ់​ ឬ​បារម្ភ​កូន​ទោះ​មាន​អ្វី​កើត​ឡើង​ក៏​ដោយ ៕

បញ្ចេញយោបល់
Loading...