កម្លាំងនគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវបង្ក្រាបករណីចោរកម្មបាន២ករណី ឃាត់ខ្លួនជនសង្ស័យ៥នាក់ នៅក្រុងព្រះសីហនុ

0
8
Loading...

(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបន្ដស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់បង្ក្រាបបានករណីចោរកម្ម ចំនួន២ករណី ដែលបានកើតមានឡើងនៅក្រុងព្រះសីហនុ និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន៥នាក់ ជាមួយវត្ថុតាងពាក់ព័ន្ធជាច្រើនទៀតផងដែរ។លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះថា ករណីទី១៖ កើតឡើងនៅថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខក្លឹបឆេះជាប់កាស៊ីណូជិនប៉ី ស្ថិតនៅក្រុមទី១១ ភូមិ៤ សង្កាត់៤ ក្រុង​ព្រះសីហនុ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព​កាច់បំបែកសោរលួចយកម៉ូតូ របស់ជនរងគ្រោះម៉ាក Scoopy ស៊េរីឆ្នាំ២០១៨ ពណ៌ស ពាក់ស្លាកលេខ​ភ្នំពេញ1HD-1492 ដែលចតទុកនៅមុខក្លឹបឆេះ ជាប់កាស៊ីណូជិនប៉ី រួចជិះគេចខ្លួនបាត់​។បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះតាមទូរស័ព្ទ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ​បានធ្វើការស្រាវជាវយ៉ាងយកចិត្តទុកដាក់ រហូតឃាត់ខ្លួនបានជនសង្ស័យ និងយកបានម៉ូតូដែលគេលួចយកបាននៅមុខកាស៊ីណូ ឡាយអ៊ិន ចាស់។ ជនសង្ស័យឈ្មោះ នុត ប៊ុនថន ហៅ​ខ្មៅ អាយុ​៣៥ឆ្នាំ (ធ្លាប់ជាប់ពន្ធនាគារ) ជាមុខសញាសកម្មលួចឆក់ស្នាក់នៅភូមិ១ សង្កាត់១ ក្រុង​ព្រះសីហនុ​។ក្នុងនោះវត្ថុតាងចាប់យកបាន សោរច្នៃសំរាប់កាច់បំបែកសោរម៉ូតូ​០២, សោរលេខ៨ ចំនួន​០១, សោរអូរតូចំនួន​០១, ក្បាលសោរលេខ៨ ចំនួន​០១, ម៉ូតូ​០១គ្រឿង ម៉ាក Scoopy ស៊េរីឆ្នាំ២០១៨ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HD-1492 កាច់ដាក់ក្រោមកែប​។ ម៉ូតូ​០១គ្រឿង ម៉ាក PCX ស៊េរីឆ្នាំ២០១១ ពណ៌ស​គ្មានស្លាកលេខ ម៉ូតូជិះធ្វើសកម្មភាព។ដោយឡែក ករណីទី២៖ កើតឡើងនៅថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណោទរ៉ា ភូមិ៣ សង្កាត់៣ ក្រុង​ព្រះសីហនុ ដោយមានជនសង្ស័យ​០៣នាក់ បានធ្វើសកម្មភាព​កាច់បំបែកសោរលួចយកម៉ូតូ​របស់ជនរងគ្រោះ ដែលចតទុកនៅខាងមុខផ្ទះ រួចគេចខ្លួនបាត់។ បន្ទាប់ពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជាវយ៉ាងយកចិត្តទុកដាក់ រហូតឃាត់ខ្លួនបានជនសង្ស័យ និងបក្ខពួកសរុបចំនួន​០៤នាក់។ជនសង្ស័យចំនួន​០៤នាក់ ទី១៖ឈ្មោះ ឈិត ប៊ុនយូ ​អាយុ​១៧ឆ្នាំ មុខរបរ​ជាងធ្វើឡាន មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង​ព្រះសីហនុ (ជនដៃដល់កាច់បំបែកសោរលួចយកម៉ូតូ​), ទី២៖ឈ្មោះ ទេព ដា ​អាយុ​១៩ឆ្នាំ, ទី៣៖ឈ្មោះ សំ ចិត្រា អាយុ​១៩ឆ្នាំ និងទី៤៖ឈ្មោះ ទិត វាចា អាយុ​២០ឆ្នាំ (​ជនសមគំនិតចេញមុខធានាយកម៉ូតូទៅលក់​) ។វត្ថុតាងចាប់យកបាន ម៉ូតូ​​ម៉ាកអ៊ែរប្លែត ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ គ្មានស្លាកលេខ (​ផលនៃអំពើទុច្ចរិត​), ម៉ូតូ​ម៉ាកអ៊ែរប្លែត ស៊េរីឆ្នាំ២០១៥ ពណ៌មាស គ្មានស្លាកលេខ (​ផលនៃអំពើទុច្ចរិត​), ម៉ូតូ​ម៉ាកអ៊ែរប្លែត ស៊េរីឆ្នាំ២០១៤ ពណ៌ស គ្មានស្លាកលេខ​ (​ផលនៃអំពើទុច្ចរិត​)។ ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕

 

បញ្ចេញយោបល់
Loading...