កាលពីមិ្សលមិញ គឺ​ជាថ្ងៃ​ខួប ២៦ ឆ្នាំ របស់ប្រាសាទអង្គរវត្ត​ដាក់ចូលជាសម្បត្តិ​បេតិកភណ្ឌអច្ឆិរយ​របស់​ពិភពលោក

0
18
Loading...

មក​ដល់ថ្ងៃ​ទី ១៤ ខែធ្នូ ឆ្នាំ ២០១៨ នេះ ត្រូវ​ជា​ខួប​ ២៦ ឆ្នាំ ដែល​ប្រាសាទ​អង្គរវត្ត ត្រូវ​បាន UNESCO ដាក់ចូល​​ក្នុង​បញ្ជី​​សម្បត្តិ​បេតិភណ្ឌ​ដ៏​អច្ឆរិយ​របស់​ពិភពលោក ដែល​ធ្វើ​ឲ្យ​រមណីយដ្ឋានបូរាណនិង​មានអាយុកាល​រាប់ពាន់ឆ្នាំ​មួយ​នេះ កាន់តែ​ទាក់ទាញ​ភ្ញៀវទេសចរ​ច្រើនឡើងៗ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ។ លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាបាន​ឱ្យដឹងនៅ​ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ថា ថ្ងៃនេះជាខួប២៦ឆ្នាំ ដែលរមណីយដ្ឋានអង្គរត្រូវ បានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ(១៤ ធ្នូ ១៩៩២-១៤ ធ្នូ ២០១៨) ។លោកបានបញ្ជាក់ថា មុនដាក់ចូលបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ ប្រាសាទនៅក្នុងរមណីយដ្ឋានអង្គរបាន​ប្រឈមនិងគ្រោះ ថ្នាក់ជាច្រើន ដូចជាកត្តា ដើមឈើ ការដួលរលំប្រាសាទ ការគាស់ថ្មប្រាសាទលួចយក វត្ថុបុរាណ សង្គ្រាម និងគ្រាប់មីន ជាដើម។ ប៉ុន្តែក្រោយការដាក់រមណីយដ្ឋាន អង្គរចូលជាបេតិកភណ្ឌពិភពលោក អស់រយៈពេល២៦ឆ្នាំកន្លងមកនេះ បានធ្វើឱ្យប្រាសាទ បុរាណទាំងអស់នៅ ក្នុងរមណីយដ្ឋានអង្គរ រួចផុតពីបញ្ហាប្រឈមនានា។ លើសពីនេះរមណីយដ្ឋាន អង្គរបច្ចុប្បន្នបានទាក់ទាញឱ្យទេសចរគ្រប់ជាតិសាសន៍បានស្គាល់ និងមកទស្សនាអង្គរកើនឡើងជាប្រចាំ ជាកត្តាបង្កើនសេដ្ឋកិច្ចដល់ប្រជាជន និងជាតិគួរឱ្យកត់សម្គាល់។​ លោកបានបន្តថា តាមរយៈយន្ត​ការរបស់គណៈកម្មាធិការ​អន្តរជាតិ សម្របសម្រួល កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​អង្គរ​ហៅ​កាត់​ថា(ICC-Angkor)ដែលមានប្រទេសជប៉ុន និងបារាំងជាសហប្រធាន បានកៀរគរថវិកា និងប្រមូលផ្តុំអ្នកជំនាញអន្តរជាតិជុំ វិញពិភពលោក មកស្រាវជ្រាវ ជួសជុល ផ្លាស់ប្តូរបទពិសោធន៍ផ្នែកបច្ចេកទេស និងបណ្តុះ បណ្តាលធនធាន មនុស្សរបស់អាជ្ញាធរជាតិអប្សរាទាំងក្នុងប្រទេស និងក្រៅប្រទេសបានយ៉ាងច្រើន ដែលអាចជួយសង្គ្រោះអង្គរពីមួយឆ្នាំទៅមួយឆ្នាំ ឱ្យកាន់តែមានភាពល្អប្រសើរ និងមានភាពរឹងមាំស្រស់ស្អាតឡើងវិញនៃសំណង់ បុរាណដ្ឋានក្នុងរមណីយដ្ឋានអង្គរនាពេលបច្ចុប្បន្ននេះ។លោកបានបន្តទៀតថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរជាតិអប្សរា មិនអាចបំភ្លេចបានឡើយនូវស្នាព្រះហស្តរបស់ព្រះបរមរតនកោដ្ឋ ថ្នាក់ដឹកនាំគ្រប់ជាន់ ថ្នាក់នៃអាជ្ញាធរជាតិអប្សរា និងអ្នកជំនាញជាតិ-អន្តរជាតិ ដែលបានធ្វើមរណកាលទៅហើយ ក្នុងបុព្វហេតុជួយសង្គ្រោះស្រោចស្រង់អង្គរឱ្យរួចផុតពីគ្រោះភ័យ និងប្រឹងប្រែងអស់ កម្លាំងព្រះកាយពល ព្រះបញ្ញាញាណស្មារតីក្នុងការដាក់បញ្ចូលរមណីយដ្ឋាន អង្គរជាបេតិក ភណ្ឌពិភពលោកដោយ អង្គការយូណេស្កូ ដែលថ្ងៃនេះជាគម្រប់២៦ឆ្នាំ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានជាតិ

បញ្ចេញយោបល់
Loading...