ផ្អើលហ្វេសប៊ុកលោកធំៗប៉ះសម្តីគ្នា !!! ប្រធានបក្សខ្មែរក្រោក ថាខ្លួនជាអ្នកស្នើឲ្យដកលោក ឃឹម ប៊ុនសុង ពីអភិបាលខេត្ត ឧកញ៉ា ឌួង ឆាយ ថាមិនចេះខ្មាសគេ ស្រាប់តែឩកញ៉ាសុខ លីម ហៅឌួង ឆាយថាអាក្មេងពាលធ្លាប់ជាប់គុក

0
17
Loading...

ភ្នំពេញ៖ លោកឩកញ៉ាសុខ លីម បច្ចុប្បន្នជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងជាអនុប្រធានគណបក្សខ្មែរក្រោក បានសរសេរបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១១ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះថា

អាក្មេងពាលដែលធ្លាប់ជាប់គុកមិនស្គាល់មេឃដំបូក វាចង់ប្រកាសសង្រ្គាមហើយមើលទៅ? ខ្ញុំមិនចង់លើកទេរាល់សកម្មភាពរបស់អាក្មេងពាលមួយនេះដែលតែងតែប្រើប្រជាប្រិយភាពក្នុងបណ្តាញសង្គមកាច់បង្វិលការអនុវត្តច្បាប់របស់មន្រ្តីមានសមត្ថកិច្ច ដែលជាការរារាំងដល់ការវិវត្តន៍នៃដំណើរការនីតិរដ្ឋដែលរដ្ឋាភិបាលប្រឹងប្រែងក្នុងការបណ្តុះប្រជាធិបតេយ្យ និងសិទ្ធមនុស្សប្រកបដោយនីត្យានុកូលភាព។

សូមបញ្ជាក់ថា លោកវិល្លាម ប្រធានបក្សខ្មែរក្រោក បានសរសេររៀបរាប់ពីការផ្លាស់ប្តូរតំណែងអភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង ដោយជំនួសមកវិញនូវកូនប្រុសសម្ដេចពិជ័យសេនាទៀ បាញ់ គឺលោកទៀ សីហា។

លោកវិល្លាម ប្រធានគណបក្សខ្មែរក្រោក បានសរសេរអួតអាងថា ការដកហូតតំណែងនេះ ជាកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ដែលមានរូបលោកផងដែរ ហើយថា បន្ទាប់ពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានរកឃើញកំហុសជាច្រើនរបស់ លោក ឃឹម ប៊ុនសុង និងបានស្នើដល់សម្ដេចនាយករដ្ឋមន្ត្រីឲ្យ ដកតំណែងលោក ឃឹម ប៊ុនសុងពីអភិបាលខេត្តសៀមរាប ។ ខណៈនេះលោកឃឹម ប៊ុន សុង បានបញ្ចប់មុខងារជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាបហើយ សូមអបអរសាទរចំពោះការបញ្ចប់មុខងាររបស់មន្ត្រីខិលខូចបង្កបញ្ហាដល់ពលរដ្ឋមិនចេះអស់មិនចេះហើយ។

ទំនងជាក្រោយពីបានឃើញសាររបស់លោកវិល្លាម ដូចខាងលើនេះហើយ ទើបធ្វើឲ្យលោកឧកញ៉ា ឌួង ឆាយ បានស៊ែរអត្ថបទរបស់លោកវិល្លាម រួចសរសេរពីលើថា «មិនចេះខ្មាសគេ សមជាអ្នកនយោបាយមែន ក្រពើក្នុងទឹកអូនមិនហ៊ានចាប់ ដល់ពេលក្រពើងាប់ស្រាប់ អូនចាប់អោយប្រជាជនមើល។ រឿងចាក់ដីលុបសមុទ្រនៅកំពង់សោមដល់ណាហើយ? ជាពិសេសរឿងកោះត្រល់ សន្យាមុនបោះឆ្នោតយ៉ាងមិចហើយ»?

នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ស្អែកនេះ លោកទៀ សីហា នឹងត្រូវប្រកាសឲ្យចូលកាន់តែតំណែងអភិបាលខេត្តសៀមរាប ជាផ្លូវការ ដែលពិធីនេះប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។

លោកទៀ សីហា ត្រូវបានព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យមួយតែងតាំងជាអភិបាលខេត្តសៀមរាប ជំនួសលោក ឃឹម ប៊ុនសុង ដែលត្រូវដាក់ឲ្យចូលនិវត្តន៍ តាមការកំណត់អាយុ មិនមែនដោយសារលោកមានកំហុសអ្វីឡើយ ហើយក្រោយចូលនិវត្តន៍ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិថ្នាក់ នាយឧត្តមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ គឺជាតំណែងមួយខ្ពស់ជាងតំណែងអភិបាលខេត្ត ទៅទៀត៕

បញ្ចេញយោបល់
Loading...