ចេះតែនឹងឃើញ! គូស្នេហ៍​មួយ​គូ​​ ចង់បានលក្ខណៈធម្មជាតិ នាំគ្នារួមរ័ក្ស​​លើកំពូល​ប្រាសាទ​​ពីរ៉ាមីត បង្កឲ្យមានការផ្ទុះកំហឹង (មានវីដេអូ)

0
30
Loading...

(គែរ)៖ អាជ្ញាធរអេហ្ស៊ីបកំពុងបើកការស៊ើបអង្កេតទៅលើ ករណីគូស្នេហ៍ជនជាតិដាណឺម៉ាកមួយគូ ដែលទំនងជាបានថតរូបអាក្រាតកាយ និងធ្វើសកម្មភាពរួមរ័ក្សនៅលើប្រាសាទពីរ៉ាមីតដ៏ល្បីឈ្មោះប្រចាំប្រទេសអេហ្ស៊ីប។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨។

ឃ្លីបវីដេអូលាយឡំជាមួយរូបភាព ដែលបង្ហាញពីសកម្មភាពគូស្នេហ៍ជនជាតិដាណឺម៉ាកមួយគូ ឡើងទៅកាន់កំពូលប្រាសាទពីរ៉ាមីតជីហ្សា (Great Pyramid of Giza) បានទាក់ទាញចំណាប់អារម្មណ៍ពីអាជ្ញាធរអេហ្ស៉ីប និងបង្កឲ្យផ្ទុះការរិះគន់ក៏ដូចជាថ្កោលទោសភ្លាមៗ ពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសអេហ្ស៉ីប។

វីដេអូមួយមានចំណងជើងថា «ដំណើរឡើងទៅកាន់ប្រាសាទពីរ៉ាមីតជីហ្សា (Climbing the Great Pyramid of Giza)» បានបង្ហាញសកម្មភាពគូស្នេហ៍ខាងលើ ឡើងទៅកាន់កំពូលនៃសំណង់ស្ថាបត្យកម្មដ៏កំពូល ដែលបន្សល់ទុកតាំងពីសម័យបុរាណរាប់ពាន់ឆ្នាំនេះ។

នៅពេលឡើងដល់កំពូលប្រាសាទ អ្នកទាំងពីរបានអបអរការខិតខំប្រឹងប្រែងរបស់ពួកគេ តាមរយៈការជក់បារី ប៉ុន្តែវាពុំមែនជាផ្សែងបារីឡើយ ដែលទាក់ទាញការចាប់អារម្មណ៍ពីអាជ្ញាធរ និងសាធារណជនអេហ្ស៉ីប ហើយការល្មើសការហាមឃាត់ក្នុងការឡើងប្រាសាទពីរ៉ាមីតនោះក៏មិនមែនដែរ ប៉ុន្តែគឺអ្វីដែលបានកើតឡើងបន្ទាប់ទៀតនៅក្នុងវីដេអូ។

នៅខាងចុងឃ្លីបវីដេអូខាងលើ នារីជាគូស្នេហ៍ដែលមុខត្រូវបិទបាំង ក៏បានដោះអាវរបស់ខ្លួន ដោយបន្សល់ទុកនូវសល់តែខោក្នុងប៉ុណ្ណោះ។ ឃ្លីបវីដេអូដើមនៃសកម្មភាពនេះ មានរួមបញ្ចូលនូវរូបសន្លឹកនៃគូស្នេហ៍ទាំងពីរនាក់ហាក់ដូចជាកំពុងតែរួមរ័ក្សគ្នានៅលើប្រាសាទដោយមានទេសភាពភ្លឺចែងចាំង នៃទីក្រុងគែរនៅពីខាងក្រោយ។ ក្រោយពីត្រូវបានលុបចេញវិញពី Youtube ឃ្លីបវីដេអូនេះត្រូវបានបង្ហោះឡើងវិញ ប៉ុន្តែមិនមានរូបភាពក្តៅសាច់នេះឡើយ។ ទោះជាបែបនេះក្តី រូបភាពនេះ នៅតែមានវត្តមាននៅលើវែបសាយរបស់លោក Andreas Hvid ដែលជាអ្នកថតរូប។

គួរជម្រាបថា អ្នកថតរូបជនជាតិដាណឺម៉ាក លោក Hvid ត្រូវគេស្គាល់ថា ជាអ្នកនិយមសិល្បៈបែបអាក្រាតកាយ ដោយរូបថតនិងឃ្លីបដែលលោកបង្កើតឡើងភាគច្រើន បង្ហាញពីនារីនិងបុរសព្រលែងខ្លួនទទេ នៅតាមកន្លែងប្លែកៗដូចជាលើដំបូងអគារ និងសំណង់ល្បីៗផ្សេងៗជាដើម។

បើតាមការបញ្ជាក់ពី លោក Hvid ឃ្លីបវីដេអូ និងរូបភាពនេះត្រូវបានផ្តិតយកកាលពីចុងខែវិច្ឆិកាកន្លងទៅ ហើយការឡើងប្រាសាទពីរ៉ាមីតជីហ្សា ចំណាយពេលប្រហែល ២៥នាទី ខណៈរូបលោកបានទទូចថា គូស្នេហ៍មួយគូនោះពុំបានរួមរ័ក្សគ្នាមែនទែន នៅលើកំពូលប្រាសាទឡើយ ដោយវាគ្រាន់តែជាការរៀបប្លង់ថតប៉ុណ្ណោះ។

យ៉ាងណាមិញ អាជ្ញាធរអេហ្ស៉ីបកំពុងបើកការស៊ើបអង្កេតលើករណីនេះ ហើយការដាក់ពិន័យគឺអាស្រ័យថា តើហេតុការណ៍ខាងលើបានបង្កការខូចខាត ដល់សំណង់ប្រាសាទដែរ ឬយ៉ាងណា។ ទន្ទឹមនឹងនេះ អ្នកបុរាណវិទ្យាអេហ្ស៊ីបម្នាក់បានលើកឡើងថា រូបភាពរួមរ័ក្សគ្នានោះ គឺជារូបភាពកាត់តទៅវិញទេ ដោយសម្អាតថាតំបន់ប្រាសាទពីរ៉ាមីតហ្គីហ្សាមានការយាមកាមតឹងរ៉ឹង ហើយដុំថ្មនៅកន្លែងថតឈុតក្តៅសាច់នោះ មើលទៅដូចជាតូចពេក មិនដូចថ្មរបស់ប្រាសាទពីរ៉ាមីតពិតនោះទេ៕

បញ្ចេញយោបល់
Loading...