ថ្មីចែស! អ្នកទោសវៀតណាម​ជាប់ពន្ធនាគារនៅថៃ ស្នើសុំផ្ទេរមកជាប់​ពន្ធនាគារនៅខ្មែរវិញ

0
8
Loading...

យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ស្ថាន​ទូតខ្មែរ​ប្រចាំ​ប្រទេស​ថៃ ​នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យ​ដឹងថា​ មាន​អ្នកទោស​ជាជន​ជាតិវៀតណាម​កំពុងជាប់​ពន្ធនា​គារ​នៅ​ថៃ​ជាច្រើន​ ប៉ុន្តែ​បែរ​ជា​ស្នើ​សុំផ្ទេរ មក​ជាប់​ពន្ធនាគារ​នៅ​កម្ពុជាវិញ​ ខណៈបច្ចុប្បន្ន​អ្នកទោស​ជនជាតិ​ខ្មែរ ចំនួន ២៩១០នាក់ ​(ស្រ្តីចំនួន ២៦៩នាក់​ បុរសចំនួន​ ២៦៤១នាក់) ​កំពុងជាប់​ពន្ធនាគារ​នៅថៃ ។

ស្ថាន​ទូតខ្មែរ​ប្រចាំប្រទេស​ថៃ​បាន​ចុះ​សួរសុខ​ទុក្ខ​ទណ្ឌិត តាមម​ន្ទីរឃុំ​ឃាំង​ជារៀងរហូត។ ចំពោះ​បញ្ហា​ផ្ទេរ​ទណ្ឌិត គឺ​ត្រូវអនុវត្តតាម​កិច្ចព្រម​ព្រៀង ស្តីពី​ការផ្លាស់​ប្តូរអ្នកទោស​រវាង​កម្ពុជា ​និងថៃ ដែល​មាន​ដូច​ជា៖ ទី១-​បទល្មើស​ដែល​អាច​ផ្ទេរ​អ្នកទោស​បាន​លុះ​ត្រា​បទល្មើស​នោះ ត្រូវ​ជាប់​ពន្ធនាគារ​ចាប់​ពីមួយ​ឆ្នាំ​ទ្បើងទៅ។ ២-ទណ្ឌិត​ដែល​អាចផ្ទេរ​បាន​លុះត្រាទណ្ឌិត​នោះ ត្រូវ​ជាប់ទោស២/៣ នៃ​ទោសរួម និងទី៣-ទណ្ឌិត​ដែល​អាចផ្ទេរបាន លុះ​ត្រាសាម៉ីខ្លួន​ស្នើសុំជា​លាយ​លក្ខអក្សរ ។

សេចក្ដី​ជូនដំណឹង​ដដែល​បន្ថែម​ថា ​កន្លងមក​មាន​អ្នកទោស​ខ្លះ​ជា​ជនជាតិ​វៀតណាម ហើយ​សុំផ្ទេរ​មក​ជាប់​ពន្ធនាគារ​នៅកម្ពុជា ប៉ុន្តែ​ករណីនេះ​ ស្ថានទូត​មិនអាច​ដោះ​ស្រាយ​បាន​ទេ ដូច្នេះ​ស្ថាន​ទូតត្រូវ​ទៅមើល​អ្នកទោស​នោះថា គាត់​សញ្ជាតិ​អ្វីពិត​ប្រាកដ ព្រោះ​ស្ថានទូត​អាចដោះ​ស្រាយបាន​លុះត្រា តែអ្នក​ទោស​នោះជាជន​ជាតិខ្មែរ។

មាន​អ្នកទោស​ខ្លះ​សុំផ្ទេរ មក​ជាប់នៅ​ពន្ធនាគារកម្ពុជា ​ដោយ​ផ្ទាល់មាត់ លុះ​ដល់​ស្ថានទូត ឲ្យ​ធ្វើពាក្យ​ស្នើសុំផ្ទាល់​ខ្លួន ដើម្បី​បញ្ជាក់ថា ខ្លួន​ស្ម័គ្រចិត្ត​មកបន្ត​ជាប់ពន្ធនាគារ​នៅកម្ពុជាវិញ បែរ​ជាគាត់​មិនព្រម ធ្វើ​លិខិតស្នើ​សុំទាល់​តែសោះ។ ស្ថាន​ទូតមិន​អាចបង្ខិត​បង្ខំទណ្ឌិត ឲ្យ​ផ្ទេរមក​កម្ពុជា​បានទេ បើ​សាម៉ី​ខ្លួនមិន​ស្ម័គ្រចិត្ត​ផ្ទេរមកកម្ពុជា៕ (អត្ថបទ៖ ជាតិបុត្រ)

បញ្ចេញយោបល់
Loading...