ខេត្តតាកែវ ៖ កាំកុងត្រូលសម្រេចបញ្ជូនសំណុំរឿងស្ថានីយ៍ប្រេងសាំងចំនួន១៤ ដែលលក់មិនគ្រប់លីត្រ ទៅតុលាការ

0
12
Loading...

តាកែវ ៖ ទីបំផុតសាខាកាំកុងត្រូលខេត្តតាកែវ បានសម្រេចរៀបចំបញ្ជូនសំណុំរឿងស្ថានីយ៍ប្រេងឥន្ធនៈដែលលក់មិនគ្រប់លីត្រ ទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី ក្រោយការធ្វើវិភាគនៅមន្ទីរពិសោធន៍កាំកុងត្រូល បានរកឃើញថា ស្ថានីយ៍ទាំងនោះ ពិតជាលក់មិនគ្រប់លីត្រមែន ។

ថ្លែងប្រាប់ ស៊ីធីអ៊ិន នៅថ្ងៃទី ១៨ ខែវិច្ឆិកានេះ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានបញ្ជាក់ថា សាខារបស់លោក បានរៀបចំបញ្ជូនសំណុំរឿងទៅតុលាការដើម្បី ធ្វើការវិនិច្ឆ័យ តើគួរត្រូវពិន័យ ឬ យ៉ាងណា ដែលនេះ ជាសិទ្ធិសម្រេចរបស់តុលាការ ។ លោក បាន អោយដឹងផងដែរថា តាមរយៈគំរូ ដែលត្រូវបានបញ្ជូនទៅធ្វើការវិភាគនៅមន្ទីរពិសោធន៍របស់អគ្គ នាយកដ្ឋានកាំកុងត្រូល ពិតជារកឃើញថា ស្ថានីយ៍ប្រេងឥន្ធនៈទាំង១៤ លក់ប្រេងមិនគ្រប់បរិ មាណ និងមិនមានគុណភាពអនុលោមតាមច្បាប់មែន ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣-១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ រថយន្តមន្ទីរពិសោធន៍ចល័តផ្នែកប្រេង ឥន្ធនៈនៃអគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយសាខាកាំកុងត្រូលខេត្តតាកែវ បានចុះធ្វើការត្រួតពិនិត្យគុណភាព បរិមាណ និង ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមបណ្តាស្ថានីយ/ដេប៉ូ នៅខេត្តតាកែវ បានចំនួន ១៩ទីតាំង ។ បន្ទាប់ពីបានធ្វើការត្រួតពិនិត្យចប់សព្វគ្រប់ហើយ ជាលទ្ធផល មន្រ្តីជំនាញ បានរកឃើញថាមានស្ថានីយ/ដេប៉ូចំនួន០៤ ទីតាំង មានអនុលោមភាពទាំងផ្នែកគុណភាព និង បរិមាណ (មានគុណភាព និងគ្រប់លីត្រ) , ១១ ទីតាំង មិនមានអនុលោមភាពផ្នែកបរិមាណ(មិនគ្រប់លីត្រ), ៣ ទីតាំង មិនមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ (មិនមានគុណភាព និងមិនគ្រប់លីត្រ) និង ១ ទីតាំង មិនសហការ។ ដោយឡែក សម្រាប់ថ្លៃលក់រាយ ស្ថានីយ/ដេប៉ូ ចំនួនទាំង ១៩ទីតាំងបានអនុវត្តត្រឹមត្រូវតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បញ្ចេញយោបល់
Loading...