លោក ស៊ុន ចាន់ថុល ប្តេជ្ញា​ប្រើ​លុយ ១៥ លាន​ដុល្លារ ធ្វើ​ផ្លូវក្រុង​សៀមរាប​ឲ្យ​ស្អាតទាំងអស់មិន​ឲ្យទាស់ចិត្ត

0
13
Loading...

រដ្ឋមន្រ្តី​ក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល​ ប្តេជ្ញា​ជួសជុល​និង​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុង​សៀមរាប​ឲ្យ​ស្អាត​ទាំង​អស់ ដោយ​ប្រើ​ថវិកា​របស់រដ្ឋាភិបាល​ចំនួន ១៥ លាន​ដុល្លារ។

ការ​អះអាង​ដូច្នេះ​ធ្វើ​ឡើង​អំឡុង​ពេល​​កិច្ច​ប្រជុំ​ពិភាក្សាស្តី​ពី​ការងារ​ជួសជុល​ និងថែទាំផ្លូវ​ថ្នល់ នៅ​ក្នុង​ខេត្តសៀមរាប​កាល​ពី​រសៀលថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង​ថ្ងៃទី​០៦ ខែ​វិច្ឆិកា ឆ្នំាំ២០១៨ ម្សិលមិញ​នេះ។

តាមរយៈភ្នាក់ងារសារព័ត៌មានជាតិ​បាន​ចុះ​ផ្សាយ​ដោយ​ស្រង់​សម្តី​រដ្ឋមន្រ្តី​រូប​នេះ​ថា ក្រុង​សៀមរាប​ជាតំបន់​ទេសចរណ៍​ដ៏សំខាន់ និង​ជាមុខមាត់សម្រាប់​បង្ហាញដល់ភ្ញៀវទេសចរ តែ​ផ្លូវ​​ចំនួន​បានទទួល​រងការ​ខូច​ខាត​ តម្រូវ​ឲ្យ​ពលរដ្ឋ​សំណូម​ពរ​ដល់រដ្ឋបាលក្រុងរៀបចំជួសជុល​និងស្ថាបនា​ផ្លូវទាំង​នោះ​ឲ្យ​បានស្អាត​ឡើងវិញ ព្រោះ​សុទ្ធតែជា​ផ្លូវ​​​បម្រើ​ឲ្យ​វិស័យទេសចរណ៍ ជាពិសេសសម្រាប់​ភ្ញៀវទេសចរ​ធ្វើ​​ដំណើរកម្សាន្តទាំង​យប់​ទាំង​ថ្ងៃ។

លោក​ ស៊ុន ចាន់ថុល បញ្ជាក់ថា ផ្លូវ​ទាំង​នេះ​ចាំ​បាច់ត្រូវ​ជួសជុល​និងស្ថាបនាឡើងវិញ​ឲ្យ​បាន​លឿន​បំផុត ព្រោះ​វាជាមុខមាត់ជាតិ​ផងដែរ។ ផ្លូវ​ដែល​ត្រូវ​ជួសជុល​បន្ទាន់​មាន​​ផ្លូវខ្នែងជាប់ជាមួយផ្លូវជាតិលេខ៦ មាន​៥២ខ្សែ និងផ្លូវក្រុង​មាន ​១១ខ្សែ ហើយផ្លូវទាំង​នេះត្រូវ​ការ​ចំណាយ​ថវិកាប្រមាណ ១៥លានដុល្លារអាម៉េរិក ដើម្បី​ធ្វើ​ឱ្យ​ស្អាតទាំង​អស់ ឱ្យស័ក្កិសមជាខេត្តទេសចរណ៍មួយយ៉ាងសំខាន់ និងឆ្លើយ​តប​ទៅនឹងកំណើនប្រជាពលរដ្ឋ កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅក្នុងខេត្ត​នេះ។

ព្រោះ​តែ​រដ្ឋបាល​ក្រុង​សៀមរាប​ពុំ​មានថវិកា​គ្រប់គ្រាន់​សម្រាប់ជួសជុល​ផ្លូវ រដ្ឋមន្រ្តី​រូប​នេះ​នឹង​ធ្វើ​របាយការណ៍​បន្ទាន់ឡើង​ទៅសម្តេច​នាយករដ្ឋមន្រ្តី ដើម្បី​ទទួល​បានថវិកា​ភ្លាមៗ​មក​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ក្រុង​សៀមរាប​កំពុង​ជួបប្រទះនេះ គាប់ជួន​រដូវ​នេះ​ជា​រដូវប្រាំង​ ងាយស្រួល​ក្នុង​ការ​ជួសជុល​ផ្លូវ​បាន​លឿន៕

សម្រួលអត្ថបទ៖ រតនា

បញ្ចេញយោបល់
Loading...