ញាក់សាច់!ចិនសម្ញែងដ្រូនបំពាក់មីស៊ីល១៦ដើម កម្ទេចគោលដៅពីកម្ពស់ ៦,០០០ ម៉ែត្រ

0
2
Loading...

ចិន៖ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ មានវីដេអូមួយឃោសនាអាវុធ ត្រូវបានចែករំលែកតាមរយៈសារព័ត៌មានគ្រប់គ្រងដោយរដ្ឋាភិបាលចិន People’s Daily នៅលើបណ្តាញសង្គមរបស់ខ្លួន មុនព្រឹត្តិការណ៍ពិព័រណ៍គ្រឿងសព្វាវុធជើងអាកាស ដែលគ្រោងនឹងប្រព្រឹត្តធ្វើឡើងចាប់ពីថ្ងៃទី ៦ ដល់ ១១ វិច្ឆិកា មានទីតាំងស្ថិតនៅត្រើយម្ខាងនៃស្ពានឆ្លងសមុទ្រវែងបំផុតក្នុងលោក នៃក្រុងជូហៃ។

បើតាមវីដេអូ គេឃើញដ្រូនធុនធំឈ្មោះ CH-5 ឬ Rainbow-5 ដែលជាដ្រូនទម្លាក់គ្រាប់បែកធំបំផុត និងសមត្ថភាពខ្លាំងជាងគេរបស់ចិន បានបំពាក់មីស៊ីល ១៦ដើម និងហោះរយៈកម្ពស់ ៦,០០០ម៉ែត្រ មុនពេលធ្វើការបាញ់ចំគោលដៅច្បាស់ៗតែម្តង មិនថាគោលដៅនោះនៅស្ងៀម ឬមានចលនាឡើយ។

បើនិយាយឱ្យចំ សមត្ថភាពពិតប្រាកដរបស់វាគឺអាចហោះបាន ៦០ ម៉ោងដោយមិនបាច់ចាក់សាំង ឬបញ្ចូលថាមពលជាថ្មី លើកម្ពស់ខ្ពស់បំផុត ៨,០០០ ម៉ែត្រ និងហោះបានចម្ងាយអតិបរមា ១០,០០០ គីឡូម៉ែត្រ។ បន្ថែមពីនេះ ស្លាបរបស់វាពីចុងម្ខាង ទៅចុងម្ខាងទៀតមានប្រវែង ២១ ម៉ែត្រ និងអាចផ្ទុកទម្ងន់បន្ថែមសរុប ១,០០០ គីឡូក្រាម ហើយទម្ងន់អតិបរមាក្នុងការហោះឡើងគឺ ៣.៣ តោន។ នេះបើតាមទូរទស្សន៍ China Central TV Station។

ជាងនេះទៅទៀត ទោះប្រព័ន្ធមួយខូចពេលកំពុងប្រតិបត្តិការ ក៏ដ្រូនដែលរូបរាងដ៏មានអំណាចនេះនៅតែអាចបន្តភារកិច្ចរបស់ខ្លួនបាន ដោយសារការបំពាក់បច្ចេកវិទ្យាបម្រុងបន្ថែមមួយ។ ក្រៅពីចំណុចពិសេសៗខាងលើ ដ្រូន CH-5 ក៏មានប្រព័ន្ធរ៉ាដាចាប់រូបភាពកម្រិតច្បាស់ ដែលអាចឱ្យយន្តហោះចម្បាំងគ្មានមនុស្សបើកធុនតូចមួយនេះ ស្រង់ស្ថិតិពីរយៈកម្ពស់ខុសៗបានយ៉ាងស្រួល។

គួរបញ្ជាក់ថា ដ្រូនចម្បាំង CH-5 ត្រូវបានបញ្ចេញជាសាធារណៈដំបូងក្នុងឆ្នាំ ២០១៦ បន្ទាប់ពីសាកល្បងហោះហើរក្នុងខែសីហា ២០១៥ នៅខេត្តឆាងស៊ូ ដែលកាលនោះប្រព័ន្ធផ្សព្វផ្សាយចិនបានប្រកាសថា វាមានសមត្ថភាពស្មើនឹងដ្រូនយោធាអាមេរិក MQ-9 Reaper ទៀតផង។ មកទល់ពេលនេះ វាត្រូវបានកែច្នៃបង្កើនសមត្ថភាពម្តងបន្តិចៗហើយនៅថ្ងៃអនាគត វាអាចនឹងហោះក្នុងរយៈពេល ១២០ម៉ោង ដោយមិនបញ្ចូលថាមពល។ នេះបើតាមប្រធានផ្នែកវិស្វកម្ម៕  

បញ្ចេញយោបល់
Loading...