Neymar និង Mbappe ជួយ PSG បង្កើតប្រវត្តិសាស្រ្តថ្មី ក្រោយឈ្នះ ២-១ យប់មិញ…

0
8
Loading...

បារាំង៖ ខ្សែប្រយុទ្ធដ៏មុតស្រួចចំនួន២រូប គឺកីឡាករ Kylian Mbappe និង Neymar បានរួមគ្នាបង្កើតនូវប្រវត្តិសាស្រ្តថ្មីមួយឲ្យក្រុម Paris Saint-Germain បន្ទាប់ពីពួកគេបានស៊ុតបាល់បញ្ចូលទី ម្នាក់១គ្រាប់អំឡុងការប្រកួត ដែលក្រុមរបស់ពួកគេបានយកឈ្នះទៅលើក្រុម LOSC ដោយលទ្ធផល ២-១ កាលពីយប់មិញនេះ។

ក្រុមអ្នកចាយលុយច្រើនជាងគេនៅក្នុងប្រទេសបារាំងនេះ បានបំបែកនូវកំណត់ត្រាដ៏អស្ចារ្យមួយរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur ដែលបានកាន់កាប់អស់រយៈពេល ៥៨ឆ្នាំ រួចមកហើយ ពោលគឺពួកគេបានយកឈ្នះក្រុម Lille ដោយលទ្ធផល ២-១ យ៉ាងស្វិតស្វាញ។ ហើយការទទួលជ័យជម្នះនេះដែរ គឺជាលើកទី១២ ជាប់ៗគ្នាហើយ នៅក្នុងការចាប់ផ្តើមនូវរដូវកាលថ្មី នៃលីកកំពូលរបស់ប្រទេសបារាំង។

យ៉ាងណាមិញ កំណត់ត្រាចាស់ដែលក្រុម Spurs ធ្លាប់ធ្វើបានគឺមានតាំងតែពីឆ្នាំ ១៩៦០-៦១មកម្ល៉េះ ដោយកាលនោះ ពួកគេធ្លាប់បានយកឈ្នះការប្រកួតចំនួន ១២ប្រកួតជាប់គ្នានៅដើមរដូវកាល នៃលីកកំពូលរបស់ប្រទេសអង់គ្លេស។

ដោយឡែក ២គ្រាប់របស់ក្រុម PSG វិញ គឺរកបានដោយខ្សែប្រយុទ្ធ Kylian Mbappe និងខ្សែប្រយុទ្ធ Neymar នៅក្នុងនាទី ទី៧០ និងនាទី៨៤ ខណៈដែលក្រុមភ្ញៀវ Lille ក៏តាមបានមួយគ្រាប់វិញផងដែរ គឺធ្វើបានដោយកីឡាករ Nicolas Pepe នៅនាទីទី ៩០+៣។

ឆ្លងតាមជ័យជម្នះលើកទី១២ នៅក្នុងក្របខណ្ឌ Ligue 1 នេះដែរ ក្រុម Paris Saint-Germain បាននាំមុខក្រុម Lille ដែលកំពុងឈរលេខ២ ដល់ទៅ ១១ពិន្ទុឯណោះ៕

បញ្ចេញយោបល់
Loading...