ស្ងាត់ៗចិនផលិតបានទូរសព្ទ​ ដែលអាច​​បត់អេក្រង់​បាន​មុន​គេ​បំផុត​ក្នុង​លោក

0
16
Loading...

ក្រុមហ៊ុន​ចិន​ឈ្មោះ​​ Royole បាន​សាង​ភាព​ភ្ញាក់​ផ្អើល​ខ្លាំង​​បំផុត​ដល់​សហគ្រាស​ស្មាតហ្វូន ជា​មួយ​ការ​បង្ហាញ​ចេញ​ស្មាតហ្វូន​​មាន​អេក្រង់​អាច​បត់​បាន​ដំបូង​គេ ដែល​ជា​ម៉ូដែល​ FlexPai។

FlexPai ត្រូវ​បាន​បង្ហាញ​រូបរាង​ឡើង​ក្នុង​កម្មវិធី​មួយ​ដែល​ធ្វើ​ឡើង​នា​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្មីៗ​នេះ។ ពេល​ដែល​លា​ចេញ​មក​វា​មាន​អេក្រង់​ទំហំ ៧,៨ អ៊ីញ ហើយ​ពេល​ដែល​បត់​ចូល​​ទំហំ​អេក្រង់​នៅ​សល់​ត្រឹម ៤ អ៊ីញ​ប៉ុណ្ណោះ។

អេក្រង់​ដែល​ប្រើ​លើ FlexPai គឺ​ជា​ប្រភេទ​អេក្រង់​ OLED ដែល​អាច​បត់​បាន​នៅ​ចំ​កណ្ដាល។ ស្មាតហ្វូន​នេះ​ប្រើ​ប្រាស់​​ប្រព័ន្ធ​​ប្រតិបត្តិការ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ Water OS ​​ហើយ​ជា​មួយ​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ អ្នក​ប្រើ​ប្រាស់​អាច​ជ្រើស​រើស​ថា​ចង់​ប្រើ​ប្រាស់​អេក្រង់​មួយ​ណា​នៅ​ពេល​ដែល​ស្មាតហ្វូន​នេះ​បត់។

ពេល​ដែល​រើស​អេក្រង់​ណា​មួយ​ហើយ អេក្រង់​មួយ​ទៀត​នឹង​ប្រែ​ទៅ​ជា​ Wallpaper ភ្លាមៗ។ យ៉ាងណាក្ដី​អេក្រង់ៗ​ទាំង​សង​ខាង​​មាន​ទំហំ​មិន​ស្មើ​គ្នា​នោះ​ទេ ព្រោះ​ថា​មាន​ម្ខាង​នោះ​ត្រូវ​បំពាក់​នូវ​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​​ដែល​មាន​កម្រិត ១៦ MP + ២០ MP។

​​​​FlexPai មាន​កម្រាស់​ ៧,៦ ម.ម នៅ​ពេល​ពន្លា​ចេញ​អស់ និង​មាន​កម្រាស់​ ១៥,២ ម.ម ពេល​បត់​ចូល។ ស្មាតហ្វូន​នេះ​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ Snapdragon 8150 ដែល​មាន​ទំហំ ៧ ណាណូម៉ែត្រ និង​មាន​ជម្រើស​ RAM ទំហំ ៦ GB ឬ ៨ GB បូក​នឹង​អង្គ​ផ្ទុក​ ១២៨ GB, ២៥៦ GB ឬ ៥១២ GB។ ជា​មួយ​បច្ចេកវិទ្យា​ Ro-Charge អាច​ឲ្យ​ FlexPai សាក​ថ្ម​​ពី ០% ឡើង​ដល់ ៨០% ក្នុង​​រយៈ​ពេល​ ១ ម៉ោង​ប៉ុណ្ណោះ។​​

ក្រុមហ៊ុន​ Royole មាន​បំណង​ចង់​ដាក់​លក់​ស្មាតហ្វូន​នេះ​សាក​ល្បង​នៅ​ថ្ងៃ​ទី ១ ខែ​វិច្ឆិកា​នេះ ជា​​​លើក​ដំបូង​ក្នុង​ប្រទេស​ ដោយ​មាន​តម្លៃ​ចន្លោះ​ពី ១ ២៩០ ដុល្លារ​ ទៅ ១ ៨៦៣ ដុល្លារ។ ការ​ដាក់​លក់​ផ្លូវ​ការ​អាច​នឹង​ធ្វើ​ឡើង​នា​អំឡុង​ខែ​ធ្នូ ឆ្នាំ ២០១៨ នេះ៕​​

បញ្ចេញយោបល់
Loading...